ភ្នំពេញ : នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះពី សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្ពុជា អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ
បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា, នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មី អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសី Sandra Bernklau និងអះអាងពីការប្ដេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកស្រី និង ក្រុមការងាររបស់លោកស្រីសម្រាប់កិច្ចការសំខាន់នៃ UNFPA ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រចាំប្រទេស (Country Programmes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែល បានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា … និងបានថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការគ្រួសារ ការអប់រំផ្នែកសុខ ភាពបន្តពូជ និងការកាត់បន្ថយហិង្សាប្រឆាំងស្ត្រី ជាពិសេសក្នុងការផ្ដល់ជំនួយដល់ស្រ្តី និងយុវតី ដែលងាយរងគ្រោះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និង ជំនួយនានា ដែលបានផ្តល់ដោយ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រាមរណៈ មាតាជិត ២/៣ ដែលនេះជា សមិទ្ធិផលដ៏ធំមួយ ដែលមានតែ ៩ ប្រទេសប៉ុណ្ណោះ រួមទាំងកម្ពុជា ផង បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោច ណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង២០១៥ ។
លោកស្រី Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញ ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចឱ្យបាននូវគោលដៅ – ៣សូន្យ ត្រឹមឆ្នាំ២០៣០» (គ្មានហឹង្សា ឬការធ្វើបាបស្រ្តីនិង កុមារី គ្មានឧបសគ្គចំពោះតម្រូវការពន្យារកំណើត និងគ្មានមរណៈ មាតាដែលអាចបង្ការបាន) ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការណែនាំទម្រង់ទិសនឹងគំនិត ផ្តួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបង្កើតគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ លោកស្រីបានរំពឹងទុកថា វត្តមាន និងបទពិសោធន៍របស់លោកស្រីនឹងអាចពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និង UNFPA។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Sandra Bernklau បានសម្តែងការពេញចិត្តចំពោះកិច្ច សហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNFPA ក៏ដូចជាការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការដ៏ល្អបន្ថែមទៀត៕
ដោយ : សុខ ខេមរា