បង្ក្រាបទីតាំង អាហារដ្ឋាន (យីហោ) ផ្ទះមេKTV បង្កប់ជួញដូរផ្លូវភេទនៅម្តុំ ផ្សារត្រែងត្រយឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឆ្មក់បង្ក្រាបទីតាំងហាង អាហារដ្ឋានខារ៉ាអូខេ យីហោ ផ្ទះមេKTV មួយកន្លែង លួចបង្កប់បំរើសេវាផ្លូវភេទ ឃាត់មនុស្សជាច្រើននាក់។
យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២២នេះបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឆ្មក់ចុះបង្ក្រាប់ទីតាំងហាង អាហារដ្ឋានខារ៉ាអូខេ យីហោ ផ្ទះមេKTV មួយកន្លែង លួចបង្កប់បំរើសេវាផ្លូវភេទដោយស្ងាត់ៗ សូម្បីតែលោក សែម វុតឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង បានត្រឹមតែចូលរួមចុះវត្តមានតែប៉ុណ្ណោះ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ការឆ្មក់បង្ក្រាបទីតាំងអាហារដ្ឋាន ខារ៉ាអូខេ យីហោ
ផ្ទះមេKTV លួចបង្កប់បំរើសេវាផ្លូវភេទនេះ ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមកំណត់ហេតុបិទទីតាំងដែលអ្នកសារព័ត៌មានទទួលបាន ការចុះបង្ក្រាបទីតាំងហាង អាហារដ្ឋានខារ៉ាអូខេ ខាងលើនេះដឹកនាំដោយ លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែន ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនផងដែរ ។

ក្នុងកំណត់ហេតុ ដែលទទួលបានថា ក្រោយពីមានសេចក្តីការរាយការណ៍ទៅសមត្ថកិច្ចថានៅក្នុងហាង អាហារដ្ឋាខារ៉ាអូខេ យីហោ (ផ្ទះមេKTV)មានលួចបង្កប់សេវាបំរើផ្លូវភេទ និងមានក្មេងស្រីមិនទាន់គ្រប់អាយុមកបំរើការងាររួចមកនោះ ។ នៅពេលនោះលោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យ និងឆែកឆេរទីតាំងខាងលើ
ដែលមានក្មេងស្រីមិនទាន់ គ្រប់អាយុកំពុងបម្រើការងារនៅក្នុងហាង និងមានសេវាចេញទៅក្រៅរួមភេទជាមួយភ្ញៀវនៅផ្ទះសំណាក់ (មិនមានស្លាកយីហោ) ស្ថិតនៅជិតហាង ផ្ទះមេKTV។
ប្រភពបានបង្ហើបឲ្យដឹងថាការដែលមានបើកឲ្យនារីក្មេងៗមិនទាន់គ្រប់អាយុទៅរួមភេទជាមួយភ្ញៀវនោះគឺមានការរៀបចំជាកញ្ចប់របស់ថៅកែ និងមេការ ដោយភ្ញៀវត្រូវចំណាយប្រាក់ចំនួន ៨០ ដុល្លារអាមេរិក ក្នុងនោះ មេការចាត់ចែងថ្លៃផ្ទះសំណាក់ចំនួន១០ដុល្លារអាមេរិក, ថៅកែហាងផ្ទះមេKTV ចំនួន១០ដុល្លារអាមេរិក និងមេការចំនួន១០ដុល្លារអាមេរិក ហើយប្រាក់ដែលនៅសល់ពីការចាត់ចែងនេះ មេការឱ្យទៅនារីដែលបម្រើសេវាផ្លូវភេទ។ ក្រោយពីបានពិនិត្យ និងឆែកឆេរទីតាំងខាងលើចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារងក៏សម្រេច បិទទីតាំងហាង យីហោ ផ្ទះមេKTV ស្ថិតនៅភូមិទី៤ ឃុំបឹង ស្រុកភ្នំស្រុក ខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចតាមនីតិវិធីច្បាប់។

សមត្ថកិច្ចមិនទាន់បង្ហាញចំនួនមនុស្សដែលឃាត់ខ្លួមនោះនៅឡើយទេ ប៉ុន្តែបានដឹកតាមរថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបានសំណូមពរសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តចុះស៊ើអង្កេតទីតាំងហាងខារ៉ាអូខេ( KTV )ច្រើនកន្លែងធំៗទៀត ដែលបើកខារ៉ាអូខេ ហើយមានផ្ទះសំណាក់នៅជាប់ជិតជាមួយគ្នាមិនដឹងថាមានច្បាប់អនុញាតត្រឹមត្រូវដែរ ឫយ៉ាងនោះទេ៕

...


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print