រថយន្តRange Rover បុករះរថយន្ត ម៉ូតូនិងឡំប្រឺតាជាច្រើនគ្រឿង បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ស្រាលម្នាក់ ធ្វើឱ្យពលរដ្ឋផ្ទុះកំហឹងទៅលើអ្នកបើករថយន្តបង្ករហូតមានការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានជ្រុលទៅបុករះរថយន្ត ម៉ូតូនិងឡំប្រឺតាជាច្រើនគ្រឿងនៅកន្លែងផ្សេងគ្នា បណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាលដែលធ្វើឱ្យពលរដ្ឋផ្ទុះកំហឹងទៅលើរថយន្តបង្ករហូតមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លិបកម្សាន្ត(DOT) តាមបណ្ដោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាY.CTF.99 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចមុខក្លិបកម្សាន្ត(DOT)បានជ្រុលទៅបុករះម៉ូតូចំនួនពីរគ្រឿងបណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់និងស្រាល ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយទេ ក៏បានព្យាយាមបើករត់រហូតមកដល់ចំណុចមុខផ្សារទំនើបស៊ុបភើស្ទើរ ទើបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត រួចព្យាយាមបើករត់បន្តទៀតមកដល់ចំណុចមុខក្លិបកម្សាន្ត ហ៊្សូម ក៏ជ្រុលទៅបុករះឡំប្រឺតាមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបរឡំប្រឺតារងរបួសធ្ងន់ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់ហូតមកដល់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក៏ជ្រុលទៅបុករះរថយន្តមួយគ្រឿងនិងឡំប្រឺតាមួយគ្រឿងទៀត បណ្ដាលឲ្យរកការខូចខាតយ៉ាងដំណំ ។ បន្ទាប់មករថយន្តបង្កនៅតែព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាត ខណៈនោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាដេញឃាត់ជាប់ហើយបានផ្ទុះកំហឹងទៅលើអ្នកបើកបររថយន្តបង្កហេតុមួយប្រាវបណ្ដាលឱ្យរថយន្តរងការខូចខាត។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ចេញមកជួយធ្វើអន្តរាគមន៍មិនឲ្យប្រជាពលរដ្ឋប្រើហិង្សាទៅលើអ្នកបើកបររថយន្តនោះទេ រួចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីទុកប្រគល់ជូនផ្នែកជំនាញបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុ និងវត្ថុតាងនៃរថយន្ត ម៉ូតូ ឡំប្រឺតាទាំងអស់ដែលរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print