ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ បានមានប្រសាសន៍ថា៖ ក្នុងនាមយុវជន មិនត្រូវបំភ្លេចគុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ឬព្រឹទ្ធាចារ្យជំនាន់មុនឡើយ មិនថាក្នុងវិស័យកីឡា ឬក្នុងនយោបាយ ឬក្នុងអ្វីឡើយ អ្វីៗដែលមានសព្វថ្ងៃ ក៏ដោយសារយុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ននេះដែរ ។ ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញចូលរួមប្រកួតទាត់លក្ខណៈមិត្តភាពដណ្ដើមពានរង្វាន់ និងបើករដូវកាលថ្មី នៃក្លិបបាល់ទះវ័យចាស់ ប៉េង ហួត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន រួមជាមួយមន្ដ្រី ពិសេសអតីតកីឡាករជម្រើសជាតិជាច្រើនផងដែរ ។
លោក ហ៊ុន ម៉ានីម ក៏បានចាត់ទុកការប្រកួតនេះ គឺជាឱកាសជួបជុំប្រកបដោយអត្ថន័យ ដែលបង្ហាញពីស្មារតី និងទឹកចិត្ត សាមគ្គីភាព ដែលលើសពីការលេងកីឡាដើម្បីសុខភាព ដោយមិនប្រកាន់វ័យ ពិសេសគឺការប្រមូលផ្ដុំអតីតកីឡាករជម្រើសជាតិជំនាន់មុន ដែលបានចូលនិវត្តន៍ ដើម្បីបានចូលរួមប្រកួតលក្ខណៈមិត្តភាពនេះ ។
ឆ្លៀតឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្ញើសារមួយចំនួន ដល់យុវជនបច្ចុប្បន្ន ក៏ដូចជាយុវជនជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម និងប្រវត្តិសាស្ដ្រឱ្យបានច្បាស់ ហើយមានកត្ដាមួយ ដែលត្រូវចង់ចាំ គឺកុំភ្លេចគុណតម្លៃរបស់អ្នកជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយជាំព្រឹទ្ធាចារ្យ ដែលបានលះបង់ច្រើនណាស់ ដើម្បីភាពរីកចម្រើនដូចសព្វថ្ងៃ មិនថា ក្នុងកីឡា ឬនយោបាយនោះទេ ។
ទន្ទឹមជាមួយការកៀរគរអតីតកីឡាករចាស់ៗ មកចូលរួមប្រកួតលក្ខណៈមិត្តភាព នៅក្លិបបាល់ទាត់ ប៉េង ហួត នេះដែរ លោក សោម រ៉ន ហៅ គ្រូមាំង បានសម្ដែងនូវសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង ដែលមានឱកាសជួបជុំ និងសប្បាយរីករាយ ពិសេសលោកបានរំឭកដល់គុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសមានសុខសន្ដិភាព និងមានឱកាសលេងកីឡា ដើម្បីសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាព បែបនេះ ។
គួររម្លឹកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាព ដណ្ដើមពានរង្វាន់ និងបើករដូវកាលថ្មីនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងនាមប្រធានក្រុមបាល់ទាត់ ប៉េង ហួត នឹងរៀបចំឲ្យមានការប្រកួតរៀងរាល់ខែ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទទួលបានសុខភាពល្អផង និងជាប្រមូលផ្ដុំជួបជុំ រវាងកីឡាករចាស់ៗ ដែលជាអតីតកីឡាករជម្រើសជាតិជំនាន់មុនផង៕
ដោយ៖សហការី