ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភត្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជន ទូទាំងខេត្តស្វាយរៀង ទាំងអស់ដោយក្តីនឹករលឹក ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មី ដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់ កម្មករ និយោជិក មកលើគណបក្ស ឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង ។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ជំហររបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសំឡេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕ដោយ៖សហការី