ខេត្តកោះកុង៖ ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជានិងភាគិថៃបានសម្រេច ឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង១០ចំណុច។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា លោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានមានប្រសាសន៍ថា៖ ការឯកភាពគ្នាលើផែនការសកម្មភាពស្ដារនិងលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ ខណៈភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងរួមមានមន្ត្រីជំនាញក្រសួងទេសចរណ៍ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង និងមន្ទីរទេសចរណ៍ខេត្តជាប់ព្រំដែន រីឯខាងភាគីថៃដឹកនាំដោយឯកឧត្តម មង្គល វិមលរ័ត្ន (Mongkon Wimonrat) ជាអគ្គលេខាធិការរងនៃក្រសួងទេសចរណ៍និងកីឡាថៃ អមដោយមន្ត្រីទេសចរណ៍នៃខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងតំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះដែរគឺធ្វើឡើងនៅខេត្តកោះកុង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
លោកបានលើកឡើងថា ដំបូងឡើយ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៥ ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ ១.ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២.ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ៣.ការអភិវឌ្ឍធនធានមនុស្ស ៤.ការអភិវឌ្ឍគុណភាពទេសចរណ៍ និង៥.ការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។
ទន្ទឹមនឹងផែនការសកម្មភាពខាងលើ ភាគីទាំងពីរបានគូសរំលេចនូវការគាំទ្រគ្នាទៅវិញទៅមកលើទិសដៅអនាគត ដូចខាងក្រោម៖
១. ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិ ភាគីទាំងពីរនឹងជំរុញរៀបចំឱ្យបានឆាប់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមនៃបណ្ដាខេត្តព្រំដែននៃប្រទេសទាំងពីរ (Cross-Border Joint Tourism Packages) ដែលនឹងជំរុញរំហូរទេសចរទៅវិញទៅមកទៅកាន់បណ្ដាខេត្តនៃប្រទេសទាំងពីរ។
២. ភាគីទាំងពីរឯកភាពជំរុញលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍រវាងប្រទេសពីរ ក៏ដូចជាការសម្រួលការធ្វើដំណើរនៅតាមច្រកអន្តរជាតិនានាឱ្យកាន់តែប្រសើរថែមទៀត។
៣. ភាគីទាំងពីរឯកភាពបន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។
៤. ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។
៥. ភាគីទាំងពីរនឹងរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងប្រកាសបើកដំណើរការទទួលទេសចរតាមសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។
៦. ភាគីទាំងពីរបន្តជំរុញឱ្យមានទស្សនកិច្ចអ្នកជំនាញទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលជាគម្រោងសាកល្បង សំដៅចែករំលែកបទពិសោធន៍ដល់ប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។
៧. ភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជាដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។
៨. ភាគីទាំងពីរនឹងសហការរៀបចំវេទិកាវិនិយោគក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរនាពេលវេលាសមស្របខាងមុខ ព្រមទាំងនឹងរៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) ក្នុងប្រទេសទាំងពីរ។
៩. ភាគីថៃគាំទ្រនូវគំនិតផ្ដួចផ្ដើមកម្ពុជាជំរុញឱ្យព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ទេសចរណ៍កីឡាអាស៊ានដែលនឹងចូលរួមអភិវឌ្ឍន៍ទេសចរណ៍អាស៊ានផងដែរ។
១០. ភាគីថៃនឹងចែករំលែកបទពិសោធន៍លើការរៀបចំគណនីទេសចរណ៍រណប (Tourism Satellite Accounts) ដល់មន្ត្រីជំនាញទេសចរណ៍ ដើម្បីរៀបចំគណនីជាតិរបស់ខ្លួន។
១១. ភាគីថៃក៏បានទទួលពិចារណាលើសំណើរបស់កម្ពុជាលើគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានលេខាធិការដ្ឋានទេសចរណ៍អេកម៉ិក (ACMECS Tourism Secretariat) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់នេះ។
លោក ទ្រី ឈីវ បានបន្តទៀតថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០១៩-២០២១ កន្លងមក ស្របតាមស្មារតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី២ កាលពីឆ្នាំ២០១៨ នៅខេត្តកំពត។ ទោះបីស្ថិតក្រោមបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីទាំងពីរបានចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នារយៈពេល២ឆ្នាំកន្លងមក ក៏ដូចជាចែករំលែកបទពិសោធន៍លើដំណោះស្រាយចំពោះផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ដល់វិស័យទេសចរណ៍។ ភាគីថៃក៏បានកោតសរសើរដល់វិធានការគ្រប់គ្រងវិបត្តិដ៏មានប្រសិទ្ធភាពដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកវិស័យសេដ្ឋកិច្ច និងសង្គមឡើងវិញក្នុងបរិបទនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។
លោកក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរកម្ពុជា-ថៃក៏នឹងជួបពិភាក្សាបន្តទៀតនាឱកាសកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាននៅខេត្តសៀមរាបក្នុងសប្ដាហ៍ខាងមុខ ក៏ដូចជាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕ដោយ៖សហការី