កម្លាំងប៉ូលិសកាណាដាបានប្រកាសឱ្យដឹងថា មានមនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតក្នុងតំបន់ Saskatchewan ប្រទេសកាណាដា នាថ្ងៃទី៤ខែកញ្ញា ។
តាមការប្រកាសរបស់ស្នងការប៉ូលិសកាណាដា (RCMP) បានបញ្ជាក់ថា «យើងបានរកឃើញសាកសពជនរងគ្រោះ១០នាក់និងអ្នករងរបួសជាច្រើន ក្រោយជនដៃដល់បានប្រើកាំបិតវាយប្រហារចាក់មនុស្សជាច្រើនកន្លែងនៅក្នុងខេត្ត Saskatchewan ភាគខាងលិចប្រទេសកាណាដា ។
លោក Rhonda Blackmore មន្ត្រីប៉ូលិសកាណាដា បានឱ្យដឹងថា យើងបានរកឃើញសាកសព១០នាក់នៅក្នុងតំបន់ James Smith Cree Nation និងនៅក្នុងភូមិ Weldon ភាគខាងជើងខេត្ត Saskatoon នៅថ្ងៃទី៤ខែកញ្ញា។ លោក Rhonda Blackmore បញ្ជាក់ទៀតថា អាចនឹងមានអ្នកស្លាប់បន្តទៀតដោយសារតែមានករណីរបួសធ្ងន់ជាច្រើននៅក្នុងមន្ទីរពេទ្យ។ ក្នុងពេលនេះកម្លាំងប៉ូលិសកំពុងតែតាមចាប់ជនដៃដល់ដែលប្រើកាំបិតវាយប្រហារ ហើយប៉ូលិសបានកំណត់អត្តសញ្ញាណរួចរាល់ គឺ លោក Damien Sanderson និង Myles Sanderson៕ ដោយធីរីណា
រូបថត : vtc.vn