ខេត្តស្វាយរៀង: មន្ត្រីអគ្គិសនីម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូដែលបុកគ្នាពេលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៨និង១១៩ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះ
ខៅ សុខកូលាប អាយុ៤០ឆ្នាំ មុខរបរមន្ត្រីអគ្គិសនី រស់នៅភូមិព្រៃញ៉យ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C-៣៨០៦ រងការខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ២BI-០៤៥៥នៅនឹងកន្លែង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C-៣៨០៦លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ២BI-០៤៥៥ធ្វើដំណើរបញ្ច្រាសគ្នាពីលិចមកកើតបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតរកភាគីខាងណាជាអ្នកខុសបន្តទៀត៕
ដោយ៖ សុថាន