ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺជំពាក់លុយគេអត់សង ហៅថាឧកញ៉ាខ្ស័យធន ។
តាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យឃុំខ្លួនឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។
ដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកទៅអនុវត្ត និងឃាត់ខ្លួន ឧកញ៉ា ជួប ច័ន្ទ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៥ ខែកញ្ញា ។ ពេលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាខ្ស័យធនបានហើយ ទើបរសៀលថ្ងៃដដែលនេះ បានបញ្ជូនទៅដល់ស្ថាប័នអយ្យការ ដើម្បីបើកការស៊ើបសួរ តាមនីតិវិធី ។
ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោង ក៏បានសម្រេចផ្ញើជនត្រូវចោទឈ្មោះ ជួប ច័ន្ទ ទៅសមត្ថកិច្ចវិញ តម្រូវ ឲ្យព្រឹកថ្ងៃទី៦ ខែកញ្ញា នាំជនត្រូវចោទមកកាន់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីបន្តការសាកសួរទៀត ៕ ដោយ រ៉ារ៉ា