ខេត្តពោធិ៍សាត់៖ រថយន្តកាមរីឆ្លាមបើកលឿនដូចហោះរេចង្កូតបុករថយន្តនីសាន់ពេញទំហឹងរងការខូចខាតទាំងសង្ខាង ប៉ុន្តែត្រូវបានសម្របសម្រួលគ្នាដោយទទួលខុសត្រូវខ្ពស់ ខាងរថយន្តកាមរីឆ្លាមសុខចិត្តចេញថ្លៃជួសជុលរថយន្តចំនួន ៥០០ដុល្លារដើម្បីបញ្ចប់រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកន្លែងហេតុឲ្យថា គេឃើញរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2L-2886 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុគេឃើញបើកវ៉ារថយន្តមួយគ្រឿងទៀតម៉ាកតូរីស ក៍ជ្រុលទៅបុករថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-1074 ពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ខណៈនោះរថយន្តនីសាន់បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូរីផងដែរ បណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែនៅក្នុងហេតុការណ៍នេះគេពុំឃើញអ្នករងរបួសនោះទេ ដោយអ្នករួមដំណើរតាមរថយន្តនីសាន់ម្នាក់បានរងរបួសស្រាល ហើយសមត្តកិច្ចក៏មិនបាននាំយករថយន្តទាំងនោះដើម្បីទៅដោះស្រាយគ្នានោះដែរ ចំណែកភាគគីខាងម្ចាស់រថយន្តទាំងសងខាងក៏គេមិនដឹងថាមានឈ្មោះអ្វីនោះដែរ។
ប្រភពបន្តទៀតថា នៅក្នុតហេតុខាងលើគេឃើញភាគគីខាងម្ចាស់រថយន្តតូរីសមិនបានតវាដោះស្រាយនោះឡើយ ដោយឃើញតែខាងម្ចាស់រថយន្តនីសាន់ប៉ុណ្ណោះ ហើយខាងម្ចាស់រថយន្តកាមរីឆ្លាមសងសំណងថ្លៃជួសជុលទៅឲ្យខាងរថយន្តនីសាន់ចំនួន ៥០០ដុល្លារ ដើម្បីមិនចង់វែងឆ្ងាយនោះទេម្យ៉ាងខ្លួនក៍មានកំហុសដែរ៕
ដោយ៖ ប៉ឹម ពិន