ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបែកកង់បានរេចង្កូតទៅបុកបាក់ដើមឈើមួយដើម មិនទាន់អស់ល្បឿនជ្រុលទៅបុកខឿនថ្មផ្ទប់របងក្រុមហ៊ុនមួយកន្លែង សំណាល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ 6 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្ត ម៉ាកlexusGS 300 ពណ៌សពាក់ស្លាកលេខ កម្ពុជា TONA.MUY ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6 A ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបែកកង់បានរេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនផ្លូវ ជ្រុលទៅបុកដើមឈើបាក់មួយដើមរាបដល់ដី ចំណែករថយន្តនៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវផ្ទប់នឹងរបងក្រុមហ៊ុនមួយកន្លែង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះម្ចាស់ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ