ស្លាប់ដោយការរញ្ជួយដីនៅក្នុងប្រទេសចិនកើនឡើងដល់ ៤៦ នាក់ និងជាង៥ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

ប្រទេសចិន៖ ចំនួនអ្នកស្លាប់និងរបួសដោយការរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រនៅក្នុងខេត្តស៊ីឈួន បានកើនឡើងដល់ទៅ៤៦នាក់ហើយ និងរបួស១៥០នាក់ ។ ជាមួយនេះក៏មានពលរដ្ឋជាង៥ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។

មន្ត្រីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃទី ៦ខែកញ្ញាថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តស៉ីឈួន ភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានកើនដល់ ៤៦នាក់ និង១៥០នាក់រងរបួស ខណៈដែល១៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។
ស្ថានីយទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា ផ្លូវថ្នល់និងលំនៅឋានដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើបានទទួលរងការខូចខាតដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅតំបន់យ៉ាងហោចណាស់ក៏១កន្លែងដែរ។ រីឯទំនប់និងស្ថានីយវារីអគ្គិសនីដែលនៅចម្ងាយ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថារងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់បានទទួលរងការខូចខាតដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់។
យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន ចំណុចរំញ័ររបស់វាស្ថិតនៅក្រុងLuding គឺម្តុំតំបន់ភ្នំចម្ងាយប្រហែលជា២២៦គីឡូម៉ែត្រពីភាគនិរតីទីក្រុងចេងទូ ដែលជាទីក្រុងនៃខេត្តស៉ីឈួន។ បើតាមស្ថានីយទូរទស្សន៍រដ្ឋចិនបានឱ្យដឹងថា មានមនុស្សសរុប៣៩,០០០នាក់ ដែលរស់នៅក្នុងបរិវេណ២០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ ហើយមាន១.៥៥លាននាក់ ស្ថិតក្នុងបរិវេណ១០០គីឡូម៉ែត្រជុំវិញទីនោះ។
ក្រៅពីទីក្រុងចេងទូ គ្រោះរញ្ជួយដីខាងលើក៏បានជះឥទ្ធិពលដល់បណ្តាខេត្តក្បែរខាង រួមមានខេត្ត
យូនណាន (Yunnan), សាអានស៉ី (Shaanxi) និងខេត្តគួយចូវ (Qhuzhou) ថែមទៀតផង។ សម្រាប់ហេតុការណ៍រញ្ជួយផែនដីដ៏ខ្លាំងបំផុតនៅខេត្តស៉ីឈួន គឺត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០០៨ នៅពេលរញ្ជួយដីកម្រិត៨.០រ៉ិចទ័រ បានវាយប្រហារស្រុកវិនឈួន (Wenchuan) ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ៧០,០០០នាក់ និងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕ ដោយធីរីណា

រូប​ថត​ :CCTV

...

រូប​ថត​ :​Chinanews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print