ខេត្តស្វាយរៀង: លោករស់ ផារិទ្ធ អភិបាលរងខេត្ត ជាតំណាងលោកអភិបាលខេត្តស្វាយរៀងបានសំណូមពរដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំងអស់ សូមផ្ដល់កិច្ចសហការល្អជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ស្វាយរៀង ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្ស និស្សិតដែលបោះបង់ការសិក្សា គ្រួសារក្រីក្រដែលនៅទំនេរមិនទាន់មានការងារធ្វើ សូមជួយជំរុញឱ្យពួកគាត់មកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ឬតាមសហគមន៍នៅមូលដ្ឋាន ស្របទៅនឹងប្រធានបទ “TVET បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់” និងសំដៅសម្រេចឱ្យបាននូវគោលដៅដែលកំណត់ថា “យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ដើម្បីទទួលបានជំនាញបច្ចេកទេស ចំណេះដឹងពិតប្រាកដសម្រាប់ស្វែងរកការងារធ្វើ ទទួលបានប្រាក់ចំណូលខ្ពស់ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ។
ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ក្នុងពិធីប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TEVETSDP/ADB/AFD Loan នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ។
ក្នុងឱកាសនោះ លោករស់ ផារិទ្ធបានបន្តថា ក្នុងនាមគណៈកម្មការបណ្តុះបណ្តាលខេត្ត លោកសូមសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អាជ្ញាធរឃុំ សង្កាត់ដែលបានផ្តល់កិច្ចសហការល្អក្នុងការបណ្ដុះបណ្ដាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈនាពេលកន្ងមក ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្មជំនាញពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើកស្ទួយកម្រិតជីវភាពរស់នៅ និងបង្កើនផលិតភាពការងារ និងការប្រកួតប្រជែង៕
ដោយ៖ សុថាន