សម្បត្តិវប្បធម៌ ក្រៅពីឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទកភាពជាតិសាសន៍ ក៏អាចផ្តល់ដល់សហគមន៍នូវអត្ថប្រយោជន៍ជាតម្លៃសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ហ្វេសប៊ុក របស់ក្រសួងវប្បធម៌យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា លោកស្រីប៉ែន មុនីមករា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈ (SOMCA Chair) បានបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌ អាចផ្តល់ដល់សហគមន៍នូវអត្ថប្រយោជន៍ជាតម្លៃសេដ្ឋកិច្ចដល់មនុស្សជាតិដែលតម្រូវឱ្យបណ្តាប្រទេសអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ឱ្យមានប្រសិទ្ធភាព ។

ថ្លែងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីនៃសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនពីអាស៊ានរសៀលថ្ងៃទី៧ ខែកញ្ញាឆ្នាំ ២០២២លោកស្រីប៉ែន មុនីមករាបានមានប្រសាសន៍ថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ។ វាបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទកភាពជាតិសាសន៍មួយ។

ជាមួយគ្នានេះសម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់យើងប្រសើរឡើង តាមរយៈចំណេះ ដឹងផ្នែកវិទ្យាសាស្ត្រ ដែលបានជំពាក់ដល់តម្លៃប្រវត្តិ សាស្ត្រ និងភាពផុយស្រួយ វាបាននឹងកំពុងត្រូវការការរួមកម្លាំងពីប្រជាជន។

លោកស្រីរដ្ឋលេខាធិការបន្ថែមថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ យើងបានឮពីអ្នកអ្នកជំនាញ អ្នកអនុវត្តន៍ មន្ត្រីសាធារណៈ និងអ្នកពាក់ព័ន្ធ បានលើកច្រើនអំពីបញ្ហាទាក់ទងនឹងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងផលប៉ះពាល់វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខនៃការជួញដូរដោយខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។ យើងបានពិភាក្សាអំពីលក្ខ័ណ្ឌដែលរដ្ឋាភិបាលក្នុងតំបន់អាចប្រើកត្តាផ្លូវច្បាប់ ក្នុងការការពារ និងទាមទារយកមកវិញនូវបេតិកភណ្ឌរបស់គេពីទីផ្សារងងឹតលើពិភពលោក និងការចាប់ដៃគូជាមួយសហការរវាងសារមន្ទីរ និងស្ថាប័នឯកជនផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការលួច និងការជួញដូរទាំងនោះ។ យើងក៏បានឃើញផងដែរ នូវមេរៀនដែលបានបង្រៀនពីដំណើរការនៃការមាតុភូមិនិវត្តន៍ និងទាមទារមកវិញនូវសម្បត្តិវប្បធម៌ របៀនៃការការពារសម្បត្តិវប្បធម៌ដែលប្រមូលបាន និងនៅទីតាំងផ្ទាល់ រួមទាំងការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មី និងបច្ចេកទេសសន្តិសុខទំនើប ដែលប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់សម្បត្តិវប្បធម៌ អាចជាកិច្ចការពង្រឹងទំនាក់ទំនងផ្នែកការទូត។

ក្នុងរយៈពេលពីរថ្ងៃកន្លងមកហើយ ដែលសន្និសីទអន្តរជាតិ ស្ដីពី ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនៈពីអាស៊ាន បានចាប់បើកដំណើរការ ដោយអ្នកជំនាញ អ្នកអនុវត្តន៍ មន្ត្រីសាធារណៈ និងអ្នកពាក់ព័ន្ធ បានលើកច្រើនអំពីបញ្ហាទាក់ទងនឹងការជួញដូរ ដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងផលប៉ះពាល់វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខនៃការជួញដូរដោយខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។

ដោយឡែកលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA Chair) បានថ្លែងក្នុងសុន្ទរកថាស្វាគមន៍មកកាន់សម័យប្រជុំពិសេសផ្នែកវប្បធម៌អាស៊ាន ដែលជាព្រឹត្តិការណ៍អមនៃសន្និសីទអន្តរជាតិស្តីពី ការការពារ និងការទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីនៃតំបន់បេតិក ភណ្ឌវប្បធម៌ពិភពលោក រួមទាំងប្រាសាទបុរាណ និងទម្រង់សិល្បៈអរូបី រាប់រយពាន់ ដែលជាកេរដំណែលពីអាណាចក្រប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំ។

លោកស្រីបន្តថា ការប្តេជ្ញាចិត្តរបស់អាស៊ាន ចំពោះកិច្ច ការពារបេតិកភណ្ឌវប្បធម៌ ត្រូវបានដាក់បញ្ចូលក្នុងចក្ខុ វិស័យសហគមន៍អាស៊ាន សេចក្តីថ្លែងការណ៍អាស៊ានស្តីពី បេតិកភណ្ឌវប្បធម៌ឆ្នាំ២០០០ ដំណោះស្រាយទីក្រុងវៀងច័ន្ទអាស៊ានឆ្នាំ២០១៦,សេចក្តីថ្លែងការណ៍អាស៊ានឆ្នាំ២០១៧ ស្តីពីវប្បធម៌នៃការទប់ស្កាត់សម្រាប់សង្គមសន្តិភាព រួមបញ្ចូល ភាពធន់ សុខភាព និងសុខដុម រមនា និងការរៀបរាប់អំពីអត្តសញ្ញាណអាស៊ានឆ្នាំ២០២០។ ដើម្បីពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តនេះ កម្ពុជាក្នុងនាមជាប្រធាន AMCA បច្ចុប្បន្ន និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ មានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍផែនការសកម្មភាពប្រកបដោយសក្តានុពល ដើម្បីបង្កើនយន្តការការពារសម្បត្តិវប្បធម៌នៅក្នុងតំបន់។

លោកស្រីមានប្រសាសន៍ទៀតថា ក្នុងនាមជាប្រធាន AMCA បច្ចុប្បន្ន កម្ពុជាចង់ស្នើឱ្យអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីយើងអាចអភិវឌ្ឍការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួល ចំពោះការការពារសម្បត្តិវប្បធម៌ និងកាត់បន្ថយផលប៉ះពាល់អាក្រក់ នៃការជួញដូរទ្រព្យសម្បត្តិវប្បធម៌ខុសច្បាប់។

លោកស្រីបានសង្កត់ធ្ងន់ផងដែរថា វាជារឿងសំខាន់ដែលយើងត្រូវអភិវឌ្ឍការសម្របសម្រួលឆ្លងវិស័យឱ្យកាន់តែខ្លាំងក្លាជាងមុន និងការចែករំលែកព័ត៌មានក្នុង ចំណោមរដ្ឋសមាជិកនីមួយៗក្នុងតំបន់អាស៊ាន ដៃគូសន្ទនាអាស៊ាន អង្គការអន្តររដ្ឋាភិបាល និងអ្នកពាក់ព័ន្ធឯកជន តាមរយៈលទ្ធភាពនៃការបង្កើតវេទិកាថ្នាក់តំបន់ ដើម្បីសម្របសម្រួលការឆ្លើយតប និងដើម្បីស្វែងយល់ពីការអភិវឌ្ឍនៃផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print