អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវ​បាននាំយកមកឧបត្ថម្ភដល់អតីតយុទ្ធជនពិការ ជួបការលំបាកចំនួន ៣គ្រួសារ ក្នុងស្រុកទឹកផុស

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកស្រី​ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព នាំយកអង្ករចំនួន ១៥០គីឡូក្រាម មី ៦កេស ត្រីខ ៣យួរ ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ អាវរងា ៣ មុង៣ ក្រមា៣ ជែលលាងដៃ ១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកនិងលោកស្រី ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជន ជួបការលំបាក ចំនួន ៣គ្រួសារ នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងអាចរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ។

ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការតំបន់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាលោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​ ដល់បងប្អូនអតីតយុទ្ធជនទាំង៣គ្រួសារ ។ លោកមេបញ្ជាការតំបន់ បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម ព្រមទាំងលោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី​ តែងតែចងចាំនូវគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ការពារបូរណភាពជាតិមាតុភូមិ និងតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក សម្តេច និង លោក តែងតែចាត់ក្រុមការងារនាំយកអំណោយចុះទៅដល់ទីតាំងផ្ទាល់ គ្រប់ទីកន្លែងទាំងអស់ ។

ជាចុងក្រោយ បងប្អូនអតីតយុទ្ធជនទាំង៣គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោកស្រី​ ព្រមទាំង លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់ពួកគាត់ និងសូមគោរពជូនពរ សម្តេច លោក លោកស្រី​ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print