ក្រសួង​សុខាភិបាលចេញ​សេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចញចេញ​សេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ថ្វីត្បិតតែ ស្ថានភាពរាតត្បាតវីរុសកូវីដ-១៩នៅលើសាកលលោក ហាក់មានការធូរស្រាលបន្តិចមែន ក៏ប៉ុន្តែ វីរុសកូវីដ-១៩ នៅមិនទាន់ ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាក់ស្ដែង នៅតាមបណ្ដាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និង នៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩នៅលើសកលលោកបានបង្ហាញថា មាន ករណីជំងឺកូវីដ-១៩ សរុបចំនួនជាង ៦០០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុបជាង ៦លាន ៤០០ពាន់នាក់ គិតត្រឹម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា បានគ្រប់គ្រង និងឆ្លើយតបទៅនឹងការរាតត្បាតវីរុសកូវីដ-១៩ បានយ៉ាងល្អប្រសើរ ហើយការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទទួលបានអត្រាគ្របណ្តប់ខ្ពស់លើសពី ៩៤% ក្នុងចំណោម ប្រជាជនប្រាមជា ១៦លាននាក់ ដែលបានអនុញ្ញាតឱ្យមានការបើកដំណើរការប្រទេសឡើងវិញតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ ដើម្បីរក្សាបាននូវការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីរបស់បងប្អូនប្រជាពលរដ្ឋ ការបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ របស់បុគ្គល គ្រួសារ និងសហគមន៍ ត្រូវតែបន្តធ្វើជាចាំបាច់ ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងវីរុសកូវីដ-១៩ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសារជាថ្មីឡើងវិញ។

ក្នុងន័យនេះ ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេសដែលកំពុងរស់នៅក្នុងព្រះរាជាណាចក កម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺផ្សេងៗ រួមទាំង ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធី បុណ្យប្រពៃណីជាតិនេះផងដែរ។ ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមលោកអ្នកអនុវត្តបន្តប្រកបដោយការ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ “៣ការពារ (ពាក់ម៉ាស់ លាងដ ឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទ ជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារ មានដូចខាងក្រោម៖

១. លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩៖

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តការធ្វើតេស្តរហ័សដោយខ្លួនឯង ក្នុងករណីដែលមាន ស្ថានភាពសង្ស័យ ឬមានរោគសញ្ញាណាមួយដែលសង្ស័យ និងត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាមនៅពេលទទួលបាន លទ្ធផលតេស្តរហ័សវិជ្ជមានវីរុសកូវីដ-១៩ ដើម្បីចៀសវាងការចម្លងទៅកាន់ក្រុមគ្រួសារ និងបុគ្គលដទៃទៀត ដែលនឹងអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ព្រមទាំងធ្វើការព្យាបាលដោយខ្លួនឯងតាមការណែនាំរបស់ក្រសួងដែលធ្លាប់ បានផ្សាយជូនកន្លងមកជារឿយៗ ឬស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ ឬទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បើ មានរោគសញ្ញាដែលសង្ស័យមានការវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ។

២. នៅក្នុងទីវត្តអារ៉ាមត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៖ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀប

រៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាលមានដូចខាងក្រោមនេះ រួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដាន ពុទ្ធបរិស័ទដែលចេញ-ចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបាន ហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដូចតទៅ៖

អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ

រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឱ្យបានញឹកញាប់ ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យ មានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) គ្រប់

ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ និងក្នុងពេលមានការប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាន ឬពេលស្តាប់ព្រះធម៌ជាដើម ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាននានា ជាពិសេសនៅពេលសូត្រព្រះធម៌ ពេល បង្សុកូល និងឧទិស្ឋកុសលជូនដល់មាតា បិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណកាលទៅហើយនោះ ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍ទៅទូរស័ព្ទទាន់ហេតុការណ៍១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណ៍គ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬជំងឺសង្ស័យឆ្លងរាតត្បាតផ្សេងៗ ត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តា លមកពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួន ឱ្យមានការអនុវត្ត វិធានការការពារខ្លួន ស្របតាមរបត់នៃ “ការរស់នៅធម្មតាតាមបែបគន្លងប្រក្រតីភាព ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដោយប្រកាន់យកនូវការអនុវត្តវិធីការពារខ្លួន “៣ការពារ និង៣កុំ”។

អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមទី តាំងចល័តនានាដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។

៣. ការជួបជុំគ្រួសារ ឬដំណើរកំសាន្ត ៖

សូមជ្រើសរើសនូវការជួបជុំគ្រួសារ សាច់ញាតិ ឬ មិត្តភ័ក្រ្ត ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តា ហានិភ័យក្នុងការចម្លងវីរុសកូវីដ-១៩

សូមលើកទឹកចិត្តជ្រើសរើសយកការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការ ជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថា ការធ្វើដំណើរនោះ ប្រកបដោយសុវត្ថិភាពពីការចម្លងវីរុសកូវីដ-១៩ ឬពីជំងឺឆ្លងផ្សេងៗ និងអនុវត្តន៍វិធីការពារខ្លួនខ្ជាប់ខ្ជួនក្នុង អំឡុងពេលដំណើរកំសាន្តសប្បាយរីករាយ ៖

សូមគិតថាការជួបជុំគ្នាច្រើនរួមជាមួយអ្នកដែលមិនរស់នៅក្នុងផ្ទះជាមួយគ្នា គឺជាកត្តាហានិ ភ័យនៃការឆ្លងវីរុសកូវីដ-១៩ ទោះបីជាអ្នកគិតថាសុទ្ធតែជាបងប្អូនបង្កើត បងប្អូនជីដូនមួយ ជីទួតមួយ ក្មួយៗ អ៊ុំ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថាបុគ្គលណា ម្នាក់បានទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ ឬមានជំងឺឆ្លងផ្សេងៗ នោះចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហា សុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ​ ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាប់បិទជិត។

សូមចូលរួម ជម្រុញ ក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសារ សាច់ញាតិ អ្នកជិតខាង អ្នកភូមិជាមួយ និងសហគមជាមួយ ឱ្យអនុវត្តជាប្រចាំថ្ងៃ ឱ្យបានខ្ជាប់ខ្ជួននូវ “ ៣ការពារ និង៣កុំ “។

៤. ជ្រើសរើសមធ្យោបាយដំណើរមានសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ចរាចរ ៖

កាត់បន្ថយការប្រើប្រាស់មធ្យោបាយសាធារណៈដែលមានផ្ទុកមនុស្សច្រើន

បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកអាល់កុលដែលសម្រាប់លាងដៃឱ្យបានញឹកញាប់ សម្រាប់អ្នកបើកបរ ត្រូវ ៖

បើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ និងច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុ​ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ ផងដែរ ត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមធ្នាក់កៅអី និងកន្លែងដែលមនុស្សបានប៉ះពាល់ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬអាល់កុលដែលលាងដៃ ឲ្យអ្នកដំណើរលាងដៃ មុនពេលឡើង លើរថយន្តចំពោះអ្នកបើកបររថយន្ដ បើមានរោគសញ្ញា ដូចជាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើមជា ដើម ត្រូវផ្អាកការបើកបរជាបណ្ដោះអាសន្ន រួចស្វែងរកការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវនៅមន្ទីរ ពេទ្យរដ្ឋ។

អ្នកបើកបរ មានហានិភ័យខ្ពស់ ដោយសារការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការ ចម្លងវីរុសកូវីដ-១៩ និងមេរោគផ្សេងៗ ដូចបានជម្រាបជូនខាងលើ​ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរនៅរាល់ពេលបើកបរ ចៀសវាងគ្រោះថ្នាក់ចរាចរដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព ឬមិនគោរពច្បាប់ ព្រមទាំងចៀសវាង ការសេពគ្រឿងស្រវឹងនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្ដីស្លាប់។

៥. វិធានការបង្ការការពុលចំណីអាហារ ៖ ត្រូវរួមគ្នាអនុវត្តវិធានការសុវត្ថិភាពចំណីអាហារ ដោយ៖

រក្សាភាពស្អាត (លាងដៃជាមួយសាប៊ូ និងទឹកស្អាត នៅពេលរៀបចំអាហារ)។ ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យដាច់ដោយឡែកពីគ្នាចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូប អាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព។ ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្ដៅលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែការបរិភោគមួយពេលប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមនៅល្អ មិនប្រើប្រាស់សារធាតុគីមីបន្ថែម។

– អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុ វត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីរអាហារ និងត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អនៅតាម ទីវត្តអារ៉ាម (កុំច្របូកច្របល់គ្នា) ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកការពារការ ចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ និងការចម្លងនៅក្នុងសហគមន៍។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខ ភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងមេរោគ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនង តាមលេខផ្ដល់ជូនខាងក្រោមនេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាច ទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕​

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print