ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន ១,០០០,០០០ដុល្លារអាមេរិក (មួយលានដុល្លារអាមេរិក) ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់សកម្មភាពព្យាបាលជំងឺជូនកុមារកម្ពុជា។
ពិធីប្រគល់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Beat Richner ប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ថវិកាទាំងនេះ គឺបានមកពីការចូលរួមពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។
សូមជម្រាបថា នេះជាឆ្នាំទី៥ហើយ ចាប់ពីឆ្នាំ២០១២ កន្លងមក ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបថវិកាមកដល់ពេលនេះមានចំនួន ៥លានដុល្លារសហរដ្ឋអាមេរិកហើយ ៕
ដោយ៖ សុខ ខេមរា