សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន ទូរគមនាគមន៍វៀតតែលVeittel បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយ

ចែករំលែក៖

ប្រទេសវៀតណាម : បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល(Veittel)។

ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល ជាក្រុមហ៊ុនមួយដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទដែលមានឈ្មោះក្រុមហ៊ុនMetfone។ លោក វូ ហៃសាន (Vu Hai San) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាកិត្តយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។

លោក តៅ ឌុកថាំង បានថ្លែងអំណរគុណរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដែលបានគំាទ្រការវិនិយោគរបស់ក្រុមហ៊ុន Veittel នៅកម្ពុជា និងបានជម្រាបជូនសម្តេច ពីគម្រោងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន
ដ៏ធំមួយនេះ ដែលមិនត្រឹមតែបម្រើសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសការងារ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋវៀតណាមទៀតផង។ ក្រៅពីនោះ ក្រុមហ៊ុនបានដើរតួនាទីដ៏មានសារសំខាន់ លើវិស័យការពារជាតិរបស់វៀតណាម ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។
សម្តេចបានមានប្រសាសន៍លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនវៀតតែល នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាទូទៅស្គាល់ថា ជាក្រុមហ៊ុនមិត្តហ្វូន នោះ បានចូលរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប្រកបដោយគុណភាព និងការជឿទុកចិត្តខ្ពស់ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់វៀតតែល នៅកម្ពុជា មិនត្រឹមតែផ្តល់សេវាទូរគមនាគមន៍ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងវិស័យការពារជាតិ និងផ្តល់ឱកាសការងារ ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា និងក្រុមហ៊ុនផងដែរ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print