ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការងារជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឹ និងដាក់បំពង់លូ នៅលើកំណាត់ផ្លូវជាតិលេខ៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការចាប់ផ្តើមជួសជុលកំណាត់ផ្លូវជាតិលេខ៦ និងដាក់បំពង់លូ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលអាចបណ្តាលឱ្យមានការ រំខានដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងកំពុងរស់នៅតាមបណ្ដោយផ្លូវនេះ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ផ្លូវតំបន់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរួមសហការ អនុវត្ត ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា