ភ្នំពេញ ៖ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ពី ការនឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។
សេចក្ដីជូនដំណឹងរបស់ក្រសួទេសចរណ៍ ដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឲ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះ តាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា, ន័យដូចខាងលើ ក្រសួងទេសចរណ៍នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។
ដើម្បីអបអរសាទរប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍បានរចនាផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អមជាមួយរូបភាពតំបន់គោលដៅទាក់ទាញទេសចរណ៍កម្ពុជា។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអញ្ជើញមន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៏ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ឱ្យបានច្រើនកុះករ និងទាក់ទងក្រសួងយកផ្ទាំងរូបភាព (Poster) ផ្សព្វផ្សាយឲ្យបានផុសផុល៕
ប្រភព: ក្រសួងទេសចរណ៍