ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឃាត់ខ្លួនបុរសម្នាក់ ខណៈដែលផឹកសុីស្រវឹងបានទាស់សម្តីគ្នាជាមួយក្មួយបង្កើតរួចយកចានវាយក្មួយបណ្ដាលឱ្យបែកចិញ្ចើម និងយកកាំភ្លើងស្នប់គំរាមបាញ់ថែមទៀត។
របាយការណ៍ដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន (ហៅឆក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក បានផឹកស្រាស្រវឹងទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីហើយបាន យកចានវៃក្បាលក្មួយប្រុសបង្កើតឈ្មោះ ឡម តួ ភេទប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន បណ្តាលបែកចិញ្ចើមខាងឆ្វេងបែក (របួសស្រាល) និងបាន យកកាំភ្លើងស្នប់ទៅគំរាមបាញ់ឈ្មោះ តេន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល បានទទួលព័ត៌មានករណីហិង្សានេះ សមត្ថកិច្ចបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាង បានបញ្ជូននមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖អារុណរះ