ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងការសម្រេចដែលមានការទទួលខុសត្រូវខ្ពស់របស់សម្ដេចកាលពីឆ្នាំ២០២១ ទើបនៅឆ្នាំ២០២២ ពលរដ្ឋអាចចេញដើរលេងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌបានដោយរីករាយ។
ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានេះជាអ្វីដែលពលរដ្ឋអាចដឹងច្បាស់ហើយពីការសម្រេចរបស់សម្ដេចមិនឲ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។
សម្ដេចតេជោថា៖ «កាលពីចូលភ្ជុំឆ្នាំទៅ ដោយ ហ៊ុន សែន បានស្នើសុំឲ្យខិតខំរក្សារហូតដល់បងប្អូនមិនបានយកប្រគេនចង្ហាន់លោកផ្ទាល់។ក៏ប៉ុន្តែការពារអាយុជីវិតបងប្អូនបាន។ ដោយសារការពារជីវិតនោះហើយទើបបាន មានបានដាក់បិណ្ឌបានរាល់ថ្ងៃនេះរហូតទៅដល់ភ្ជុំ។ បើការពារអាយុជីវិតមិនបាន កុំនិយាយដល់រឿងសិទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សអីនោះ។ សិទ្ធិធំជាងគេ សិទ្ធិរស់រានមានជីវិតនេះឯង»។
កម្ពុជាខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌអស់២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយពលរដ្ឋពុំទទួលបានការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់។ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
តាមរយៈការបើឲ្យមានពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ បានរាយការណ៍ថាមានពលរដ្ឋខ្មែរជាង ៥,១លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃសម្រាកនេះ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៦នាក់ (ឆ្លងសហគមន៌:១៦ និងនាំចូល: ០) និងមានជាសះស្បេីយ ១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ១៣៧៧៣៥ និងចំនួនជាសះស្បេីយសរុប ១៣៤៦០៩ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 3058588 ស្មេីនឹង 180981 ក្នុង១លាន នាក់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ : សិលា