ខេត្តស្វាយរៀង: មានករណីមនុស្សស្លាប់ផ្កាប់មុខ ក្នុងថ្លុកទឹក ចំនុចផ្លូវដាច់ក្បែរព្រៃតាកឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាលរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។
ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៏មាន
ពីប្រជាពលរដ្ឋរាយការណ៍
ថា ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ដេកស្លាប់ផ្កាប់មុខ ក្នុងថ្លុកទឹក (ចំនុចផ្លូវដាច់ក្បែរព្រៃតាកឹង) ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវេជ្ជ ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ឃើញថាសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ។
ប្រភពបន្តថាតាមការសន្និដ្ឋានផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សាកសពខាងលើនេះ គឺស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីនោះទេ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅបញ្ចុះសពនៅលើដីទីទួលចាម មានទីតាំងស្ថិតនៅខាងជើងវត្តតាឡុក ក្នុងភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត៕
ដោយ៖ សុថាន