ខេត្តសៀមរាប : នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោករដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងបន្តចុះពិនិត្យស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបណ្តាលឲ្យប៉ះពាល់ដល់ដំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហត ខូចខាត ៣ ២២៥ហត និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហត ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហត ខូចខាតជាង ៥ ០០០ហត និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហត។
លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី ព្រមជាមួយប្រជាពលរដ្ឋបានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹកគឺការរំដោះទឹកមិនទាន់ដោយមូលហេតុចំបងដោយសារទំនប់បញ្ចាល់ទឹកពោរពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់ ហើយនិងបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ ដែលបានបន្តធ្វើឲ្យទឹកចាល់ជន់លិចរយ:ពេលយូក្នុងរដូវវស្សានេះ ។ នៅចំពោះមុខ លោករដ្ឋមន្រ្តីបានណែនាំឲ្យនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការតាមដាន សិក្សា និងវាយតម្លៃលើផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមតម្រូវការជាក់ស្តែង។ ដោយឡែក ចំពោះដំណោះស្រាយ រយ:ពេលវែង ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាជាមួយមន្ទីរធនធានទឹក និង ឧតុនិយមខេត្តអំពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឃុំរហាត់ទឹក៕
ដោយ : សិលា