ភ្នំពេញ ៖ សមត្ថកិច្ចបុស្តិ៍ទំនប់ទឹកកំពុងល្បាតក៏ស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក FZ ហើយដៃកាន់ស្លាកលេខសង្ស័យទើបលួចបាន ក៏ដេញតាមចាប់ ធ្វើឱ្យជនសង្ស័យទាំង៣នាក់ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់សម្រោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ឧសភា ២០១៦ ស្ថិតត្រង់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ស្រាប់តែឃើញជនសង្ស័យ៣នាក់ម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ក្រហម គ្មានស្លាកលេខ ហើយនៅក្នុងដៃមានកាន់ស្លាកលេខទៀតផង ធ្វើឱ្យសមត្ថកិច្ចឃើញដូចនេះក៏មានការសង្ស័យ ហើយក៏បានជិះម៉ូតូប្រដេញតាមពីក្រោយភ្លាមៗនោះក្រុមជនសង្ស័យទាំង៣នាក់តែក៏បាននាំគ្នាជិះម៉ូតូរត់គេច រហូតមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យក្រុមជនសង្ស័យផ្តួលម៉ូតូចោលហើយរត់គេចខ្លួនចូលក្នុងច្រកចូលភូមិត្រពាំងឈូកបាត់ស្រមោលតែម្តង បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ក្រហម គ្មានស្លាកលេខ នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមតែយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹករង់ចាំស្រាវជ្រាវបន្ត ៕
ដោយ៖ សរស្មី
...