ខេត្តព្រះវិហារ : នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក- ១៩) ក្នុងនាមក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ។
ក្នុងកិច្ចពិធីសម្ពោធនេះលោកស្រីបានលើកឡើងថា ការជួយឧបត្ថម្ភ សាងសង់នូវអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្សែននេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការល្អ ក្នុងការបង្កើតជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល ហើយសមិទ្ធផលនេះ បានចូលរួមចំណែកកាត់បន្ថយភាពខ្វះខាតក្នុងការផ្គត់ផ្គងអុកស៊ីហ្សែនឲ្យបានទាន់ពេលវេលា និងបានជួយដល់ការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរ។
លោកស្រីក៏បានគូសបញ្ជាក់ថា ការដឹកនាំដ៏ប៉ិនប្រសប់ ម៉ឹងមាត់ និងឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺមិនអាចខ្វះបានឡើយនៅគ្រប់សភាពការណ៍ដែលកើតឡើង និងគ្រប់កាលៈទេសៈ ជាក់ស្ដែងការគ្រប់គ្រង និងដាក់ចេញនូវវិធានការចំបាច់នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយតាមបែបពហុវិស័យ តាមបែបរដ្ឋាភិបាលទាំងមូល និងសង្គមជាតិទាំងមូល ដែលបង្កើននូវសាមគ្គីភាពជាតិ រួមជាមួយនិងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ ដូចឧទាហរណ៍ដែលមានស្រាប់ លើការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ដើម្បីទប់ស្កាត់ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា។ លើសពីនេះលោកស្រីក៏បានផ្ដល់នូវអនុសាសន៍លើបញ្ហាគន្លឹះមួយចំនួនពាក់ព័ន្ធទៅនឹងដំណើការម៉ាស៊ីនផលិតអុកស៊ីហ្សែន និងការពង្រឹងការផ្ដល់សេវាសុខាភិបាលផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចំានៅកម្ពុជា និងអង្គរការយូនីសែហ្វ (UNICEF) ប្រចំានៅកម្ពុជា ដែលបានជួយកសាងអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ជូនដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក៏ដូចជា លោកអភិបាលនៃគណអភិបាលខេត្ត លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ផងដែរ ៕
ដោយ : សហការី