(ប៉េកាំង): តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះរាជពិធីនោះប្រារព្ធធ្វើនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា ឆ្នាំនេះជាខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រកម្ពុជា ដែលក្នុង១ ព្រះជន្មរបស់ព្រះអង្គ បានពុះពារបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីប្រទេសជាតិ សាសនា និងប្រជារាស្ត្រកម្ពុជា ជាកូនចៅ ចៅទួតជាទីស្រឡាញ់របស់ព្រះអង្គ បានទទួលនូវសេចក្តីសុខសប្បាយរហូតដល់ពេលនេះ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ប្រជាជាតិកម្ពុជា ចងចាំជានិច្ចចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គជាប្រទីប នៃមាគ៌ាដឹកនាំដ៏ឆ្នើម និងមហាឈ្លាសវៃ និងប៉ិនប្រសប់ ត្រឹមត្រូវ និងបានស្ថាបនាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុង្គឧត្តមបំផុត ជាមួយថ្នាក់ដឹកនាំកំពូលៗចិន ច្រើនជំនាន់មកហើយ។
ដោយ: ទទក