ខេត្តសៀមរាប÷ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថាពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់តាមតម្រូវការ។
លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ថាកាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅដ្ឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ទើបគ្រួសារលោកស្ម័គ្រចិត្តដោះដូរជាមួយអាជ្ញាធរជាតិអប្សរាពីតំបន់ការពាររមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។ លោកបន្តថា បច្ចុប្បន្នលោកបានរៀបចំផ្ទះធ្វើជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ ដោយគិតជាថ្ងៃ និងដាក់ខែ ហើយលោកទទួលបានផលកម្រៃគួរសមក្នុងមួយខែៗពីផ្ទះស្នាក់ និងទិន្នផលចម្ការ។ លោក ស្រួច សប្បាយចិត្ត ព្រោះការរស់នៅក្នុងភូមិធម្មជាតិរុនតាឯកអាចឱ្យគាត់ចង់ធ្វើអ្វីក៏បានតាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រី កី កិន្នរី ឱ្យដឹងថា បានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅភូមិធម្មជាតិរុនតាឯក រយៈពេល៥ឆ្នាំមកហើយ។ ចាប់តាំងពីរូបគាត់ទៅរស់នៅ លោកស្រីបានកែប្រែដីនោះ មានដាំដំណាំដូចជា ដូង ល្ហុង ម្នាស់ ក្រូចឆ្មារ និងចិញ្ចឹមសត្វ គោ មាន់ ទា ក្ងានជាដើម។ សព្វថ្ងៃនេះ លោកស្រី កិន្នរី មានគោចំនួន១៣ក្បាល និងមាន់ ទា ក្ងានចំនួនជាង១០០ក្បាល។
ជារៀងរាល់ថ្ងៃ លោកស្រី អាចរកកម្រៃបានពីការលក់ក្រូចឆ្មា លក់ពងទា ពងមាន់យ៉ាងហោចណាស់ក៏ទទួលបាន៣ម៉ឺនរៀលដែរក្នុង១ថ្ងៃ។ ដោយឡែក នៅរដូវក្ងានពងវិញ គឺគាត់អាចរកកម្រៃប្រចាំថ្ងៃបានច្រើនគួរសមដែរ តាមរយៈការលក់ពងក្ងានដែលធ្វើឱ្យជីវភាពធូរធារ។
ចំពោះមុខរបរបច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើនគ្រួសារមួយចំនួនបានចូលបំពេញ ការងារជាមួយអាជ្ញាធរជាតិអប្សរាខ្លះប្រកប មុខរបរធ្វើផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវទេសចរ និងខ្លះទៀតធ្វើកសិកម្មនៅលើដីកម្មសិទ្ធិរបស់ខ្លួន ដែលជាហេតុបានចំណូលច្រើនផ្នែកក្នុងមួយខែៗ៕