ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខា ភិបាល” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារដល់ប្រជាជនដែលចាក់វ៉ាក់សាំងទើបតែបាន ២ដូស ហើយមិនព្រមមកចាក់វ៉ាក់សាំងដូសបន្ត សូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ពីព្រោះមានតែវ៉ាក់សាំងប៉ុណ្ណោះដែលអាចការពារសុខភាពលោកអ្នកបាន។
លោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេសថ្លែងថា បច្ចុប្បន្នក្រសួង សុខាភិបាលកំពុងតែបន្តការណែនាំ និងជំរុញឲ្យបណ្ដារាជធានីខេត្ដទាំង២៥ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ទន្ទឹមនិងនេះលោកស្រីក៏អំពាវនាវដល់ប្រជា ជនផងដែរ អំពីការពិនិត្យមើលការចាក់វ៉ាក់សាំងរបស់ខ្លួនបើសិនជាមិនទាន់បានចាក់គ្រប់ចំនួនដូសសូមរួស រាន់មកទទួលវ៉ាក់សាំងនៅដូសជាបន្តបន្ទាប់។
លោកស្រីវេជ្ជបណ្ឌិតអ្នកនាំពាក្យមានប្រសាសន៍ថា ៖ «ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ពិនិត្យមើលថា ការចាក់វ៉ាក់សាំងរបស់ខ្លួនដល់ដូសទីប៉ុន្មានហើយ។ ឥឡូវនេះយើងកំពុងដំណើរការចាក់ដូសជំរុញ ហើយដូសជំរុញរបស់យើងមាន៣បែបទី១ ដូសជំរុញទី៣ ទី៤ និងទី៥ ហើយដូសទី៥នេះ ទើបចាប់ផ្ដើមនៅត្រីមាសទី២ ឆ្នាំ២០២២នេះទេ តែដោយឡែកដូសទី៣ និងទី៤ យើងបានអញ្ជើញប្រជាជនមកចាក់យូរដែរហើយ។ ជាការពិតការចាក់វ៉ាក់សាំងកូវីដ១៩នេះ ក្រៅពីមន្រ្ដីរាជការស៊ីវិល ដែលមានអនុក្រិត្យ ដែលដាក់ចេញជាកាតព្វកិច្ច តែសម្រាប់បងប្អូនប្រជាពលរដ្ឋគឺស្ម័គ្រចិត្តនៅឡើយទេ។ តែការស្ម័គ្រចិត្តនេះត្រូវតែយល់ឲ្យបានច្បាស់អំពីសារៈ សំខាន់របស់វ៉ាក់សាំង ខ្ញុំបានលើកជារឿយៗហើយវ៉ាក់ សាំងនេះគឺជាឧបករណ៍ការពារជីវិត។ អញ្ចឹងសូមបង ប្អូនកុំជឿការឃោសនាអកុសល ដែលវាចេញមកច្រើន ណាស់ ដើម្បីរារាំងដល់ការចាក់វ៉ាក់សាំង ដែលជះផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនមកចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥»។
លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងទៀតថា បច្ចុប្បន្ននេះកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ កូវ៉ាក់ ប្រភេទ ហ្វៃស័រ។ លោកស្រីបន្ថែម វ៉ាក់សាំងត្រូវបានប្រើឆ្លាស់គ្នា ដើម្បីឲ្យប្រសិទ្ធភាពកាន់ តែខ្ពស់ក្នុងការការពារប្រជាជនពីការវាយលុកជំងឺកូវីដ ១៩។ ព្រោះតែដូច្នេះហើយទើបកម្ពុជា អាចវិលត្រឡប់មករស់នៅធម្មតា ស្របតាមគន្លងប្រក្រតីភាពថ្មី ។
ឆ្លៀតក្នុងឱកាសនេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអះអាងថា វ៉ាក់សាំងជំងឺកូវីដ១៩ ដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងការចាក់ជូនប្រជាជនគឺជាវ៉ាក់សាំងដែលមានសុពលភាពទាំងអស់ ពោលគឺកម្ពុជាគ្មានវ៉ាក់សាំងដែលហួសសុពលភាពនោះឡើយ។
លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ «វ៉ាក់សាំងដែលយើងប្រើប្រាស់គឺវ៉ាក់សាំងដែលមានសុពលភាព យើងមិនដែលមានវ៉ាក់សាំងហួសសុពល ភាពនៅឡើយទេ។ ដោយសារការខិតខំចាត់ចែងគ្រប់វ៉ាក់សាំងដោយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) យើងរក្សាបាននូវគុណភាពវ៉ាក់សាំង និងរក្សាបាននូវបច្ចេកទេសត្រឹមត្រូវដែលផ្ដល់ជូនប្រជាពលរដ្ឋ។ យើងបានហាមដាច់ខាត សម្ដេចតេជោ បានណែនាំដ៏ខ្ពង់ខ្ពស់រួចទៅហើយមិនឲ្យប្រើប្រាស់វ៉ាក់សាំងដែលហួសសុពលភាពចាក់ជូនប្រជាពលរដ្ឋទេ។ ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះយើងមិនទាន់មានវ៉ាក់សាំងណាហួសដឺឡេទេ មានតែចាក់អស់មុនដឺឡេ»។
លោកស្រីវេជ្ជបណ្ឌិត បន្តអំពាវនាវសូមឲ្យបងប្អូនរួសរាន់មកចាក់វ៉ាក់សាំង ដោយសារវ៉ាក់សាំង សុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាព និងមានក្នុងបញ្ជីរបស់អង្គការសុខភាពពិភពលោក ហើយធានាបានគុណភាព។
គួរជម្រាបជូនថា កម្ពុជាបានទទួល និងកំពុងប្រើប្រាស់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនប្រភេទ រួមមាន វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) វ៉ាក់សាំង ម៉ូដឺនណា (Moderna) និងវ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ហើយគ្រប់វ៉ាក់សាំងទាំងនេះ សុទ្ធតែស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក៕