ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើបាក់រាបដល់ដី ចំណែកឯរថយន្តបង្កហេតុរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BM-1323 តាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ហើយខណៈបើកមកដល់ត្រង់ចំណុចកើតហេតុក្បែរស្ពានលេខ២ ក៏បានរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែងទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសោះទេ គឺគ្រាន់តែរងការខូចខាតរថយន្ត និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមួយដើមប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ