សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ពំ្រដែន កម្ពុជា-ថៃ លើកទី០៧ តាមប្រព័ន្ធវិដេអូ ដែលប្រទេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចនេះ។

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវិដេអូ នាពេលនេះ តាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ នាពេលនេះ បានប្រព្រឹត្តដោយរលូនតាមការគ្រោងទុកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព លើការយោគយល់គ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងល្អ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈប្រតិភូកម្ពុជា-ថៃ ដែលបានធ្វើការពិនិត្យ និងពិភាក្សា និងអនុម័តកំណត់ហេតុលើសេចក្ដីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ ដែលឯកសារផ្លូវការសម្រាប់ជាមូលដ្ឋានដោយអាជ្ញាធរខេត្តជាប់ព្រំនៃប្រទេសទាំងពីរចាត់ចែងអនុវត្តបន្ដ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងទទួលបានលទ្ធផលល្អបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ បានដំណើរការដោយរលូន ស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព តម្លាភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និង​មានឆន្ទៈក្នុងការរក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងចំណងទំនាក់ទំនងជាមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

សូមជម្រាបជូនដែរ ថា ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា និងឯកឧត្តម សុទ្ធិភុង ជុនចារើន លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់ថៃ ក៏បានជួបពិភាក្សាការងារ តាមប្រព័ន្ធវិដេអូ ផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print