តាមគម្រោងដំណើរព្យុះ Nanmadol គិតនៅត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដែលប្រកាសនៅលើគេហទំព័រក្រសួងព្យាករណ៍អាកាសធាតុជប៉ុនបានបង្ហាញឱ្យឃើញថា ព្យុះនេះបានបក់បោកសំដៅចូលដីគោកតំបន់ភាគខាងត្បូងប្រទេសជប៉ុន។
តាមការព្យាករព្យុះនេះនឹងចូលដល់ដីកោះស្ថិតនៅក្នុងខេត្តអូគីណាវ៉ា ខេត្តកាហ្គោស៊ីម៉ា…នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២២។ ព្យុះ Nanmadol មានល្បឿនខ្យល់ដល់ទៅ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណុចកណ្តាលនៃព្យុះមានល្បឿនខ្យល់ដល់ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។
មន្ត្រីទីភ្នាក់ងារឧតុនិយមបាននិយាយថា ព្យុះNanmadol មានគ្រោះថ្នាក់ខ្លាំងណាស់ ហើយកំពុងជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដែលអាចបង្កឡើងដោយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។
Okinawa និងតំបន់ Amami ត្រូវបានព្យាករថា នឹងមានខ្យល់បក់ខ្លាំង។ នៅ Amami ខ្យល់បក់រហូតដល់ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានឹងបោកបក់រហូតដល់ថ្ងៃសៅរ៍។ សមុទ្រក៏នឹងមានភាពច្របូកច្របល់ផងដែរនៅជុំវិញភាគខាងត្បូង Kyushu, Okinawa និង Amami ជាមួយនឹងរលកកម្ពស់ ១០ម៉ែត្រដែលត្រូវបានព្យាករទុកនៅថ្ងៃសៅរ៍។
ភ្លៀងធ្លាក់ក្នុងរយៈពេល២៤ ម៉ោងរហូតដល់រសៀលថ្ងៃសៅរ៍ អាចឡើងដល់ ១៥០ មិល្លីម៉ែត្រនៅអូគីណាវ៉ា អាម៉ាមី និងភាគខាងត្បូង Kyushu ។ មន្ត្រីឧតុនិយមកំពុង ជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះ ខ្យល់បក់បោកនិងរលកខ្ពស់ ព្រម ទាំងការបាក់ដី ទឹកជំនន់ និងទន្លេឡើងខ្លាំង៕ ដោយធីរីណា
រូបភាព : TOKYO
រូបថត : TTXVN