ភ្នំពេញ : នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣ ជំនាន់ទី១៥ ឆ្នាំនេះមានចំនួន ២៥០នាក់ នៅប្រទេសអ៊ីស្រាអែលក្នុងនោះមាន៖ RUA ចំនួន (២១២នាក់/នារី៣៤នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង ៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាត់ដំបង ៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់/នារី ៤៣នាក់ ដែលបានចូលរួមក្នុងកម្មវិធី ដ៏មានសារៈសំខាន់នាពេលនេះ។ ក្នុងពិធីនេះមានលោកអនុរដ្ឋលេខាធិការ ឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។
មានមតិសំណេះសំណាលជាមួយក្មួយៗនិស្សិត លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie និងក្រុមហ៊ុន Sedol Negev Agriculture Training Center ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដក ស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុក ដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់។
មានមតិបន្ត លោករដ្ឋមន្រ្តីបានបង្ហាញអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម បច្ចុបន្នភាពនៃស្ថានភាពសេដ្ឋកិច្ចក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។ ស្ថិតក្នុងបរិបទនេះ វិស័យកសិកម្មកំពុងពង្រឹង និងពង្រីកតួនាទីរបស់ខ្លួនដើម្បីចូលរួមឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនប្រាក់ចំណូល ទិសដៅនាំចេញ និងជាពិសេសឲ្យស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងនិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ចំពោះកម្មសិក្សា លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្មួយៗនឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្ម។ល។ ហេតុ នេះ លោករដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការអប់រំទូន្មាន និងណែនាំដល់និស្សិតមានជាអាទិ៍÷ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមាន តម្លៃរួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្មដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីកសាងអនាគតគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យក្មួយៗ ទទួលបានជោគជ័យក្នុងការសិក្សា និងធ្វើដំណើរទទួលបានសុវត្ថិភាព។
តាមរបាយការណ៍របស់លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថាកម្មវិធីហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកក្នុងគោលបំណងលើក កម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហ ប្រតិបត្តិការនេះមានអាយុ ១៥ឆ្នាំ មាននិស្សិតចំនួន ១ ៧១៩នាក់ ដែលក្នុងនោះ និស្សិតជំនាន់ទី ១៥ (២០២២-២០២៣) ចំនួន ២៥០ នាក់។
វិទ្យាស្ថានជាតិកសិកម្មព្រែក លៀបបានបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ មាននិស្សិតសរុបចំនួន ៣៧៨នាក់ (ស្រី ១៥៥នាក់)។ ឆ្នាំសិក្សា ២០២២- ២០២៣ មាននិស្សិត ៨៥នាក់ (នារី ៤៣នាក់) គ្រោងចេញដំណើរនៅថ្ងៃទី៥ ខែតុលា។ ជាសរុបរួម ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មាននិស្សិតចំនួន ២០៩៧ នាក់ បានចីលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល។ ក្នុងរយៈពេល ១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។ ចំពោះមុខវិជ្ជាដែលត្រូវការសិក្សា រួមមាន៖ ១. ស្តង់ដារកសិកម្មអន្តរ ជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត ៕
ដោយ : សិលា