ភ្នំពេញ : នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្តីពីការណែនាំអំពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌទាំងនេះ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ទាំងបួន និងថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ព្រមទាំងមន្ត្រីជំនាញដែលមានការពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖
(១)-ស្ថាប័នអយ្យការត្រូវផ្តល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្មកេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ
(២)-ស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ចំពោះករណីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព
(៣)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំណាត់ការឱ្យបានឆាប់រហ័ស ចំពោះសំណុំរឿងជួញដូរមនុស្ស ជួញដូរពលកម្មកេងប្រវ័ញ្ចពលកម្ម អាជីវកម្មផ្លូវភេទ និងសំណុំរឿងរំលោភសេពសន្ថវៈ ព្រមទាំងសំណុំរឿងពាក់ព័ន្ធផ្សេងទៀត
(៤)-ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ក៏ដូចជាបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ សំដៅឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែងនៃការវិវត្តន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ៕
ដោយ : សិលា