រុស្ស៊ីបញ្ជាក់ថានឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលនាយករដ្ឋមន្ត្រីឥណ្ឌាថាមិនមែនជាពេលធ្វើសង្គ្រាមឡើយ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ កាលពីថ្ងៃទី១៦ខែកញ្ញាថា ទីក្រុងមូស្គូនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ ។

ក្នុងពេលនេះដែរ នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ថា ឥឡូវមិនមែនជាពេលសម្រាប់ធ្វើសង្រ្គាមនោះទេ ខណៈដែលអ្នកទាំងពីរបានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលប្រារព្ធឡើងនៅប្រទេសអ៊ុយបេគីស្ថាន។
ទីក្រុងញូវដេលីនិងទីក្រុងមូស្គូ មានចំណងទាក់ទងយូរអង្វែងជាមួយគ្នា តាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ ហើយរុស្ស៉ីនៅតែបន្តជា អ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេរបស់ឥណ្ឌា។ យ៉ាងណាមិញ ក្នុងជំនួបទល់មុខគ្នាលើកដំបូងចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំនេះ លោក ម៉ូឌី បានប្រាប់លោកពូទីន ត្រង់ៗយ៉ាងដូច្នេះថា «ខ្ញុំដឹងថាពេលវេលាឥឡូវនេះ គឺមិនមែនជាពេលសម្រាប់សង្រ្គាមឡើយ»។
លោកនាយករដ្ឋមន្រ្តីឥណ្ឌាក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រើប្រាស់ការទូតនិងកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាផងដែរ។ យ៉ាងណាក៏ដោយ ទីក្រុងញូវដេលីមិនបានចេញមុខជាចំហ ថ្កោលទោសលើទីក្រុងមូស្គូសម្រាប់ការឈ្លានពានអ៊ុយក្រែននោះឡើយ បើទោះបីជាសហរដ្ឋអាមេរិកបានខិតខំបញ្ចុះបញ្ចូលឱ្យធ្វើយ៉ាងដូច្នោះក្តី។
ជាការឆ្លើយតប លោក ពូទីន បានប្រាប់លោក ម៉ូឌី វិញថា «ខ្ញុំយល់ពីគោលជំហរក៏ដូចជាក្តីបារម្ភរបស់អ្នកជុំវិញជម្លោះនៅអ៊ុយក្រែន។ ពួកយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់តាមតែអាចទៅរួច»។ ប៉ុន្តែលោក ពូទីន បន្ថែមថា មេដឹកនាំអ៊ុយក្រែន បានច្រានចោលការចរចាគ្នា ហើយចង់សម្រេចគោលដៅតាមមធ្យោបាយយោធា៕ ដោយធីរីណា

...

រូប​ថត​ :  Bloomberg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print