ខេត្តកណ្ដាល: មនុស្សប្រុសស្រី២នាក់បានស្លាប់គួរឱ្យអាសូរ ខណ:ដែលជនរងគ្រោះជិះម៉ូតូមកឈប់នៅពីក្រោយអេស្កាវ៉ាទ័រដែលកំពុងកាយបង្ហាប់ផ្លូវ ហើយអេស្កាវ៉ាទ័រនោះក៏បានបើកថយដោយពុំបានមើលក្រោយក៏កិនម៉ូតូជនរងគ្រោះតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង ១៥នាទី នៅលើផ្លូវលំទំនប់ជាស៊ីម ក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA Dream សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១Q ۔២៥៨៧ មានអ្នករួមដំណើរចំនួន៣នាក់ជិះពីក្រោយ ទី១-ឈ្មោះ ស៊ីម សុខកល្យា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ទី២ -ឈ្មោះ ចិត្ត រក្សា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ និងទី៣-ឈ្មោះ ចិត្ត រីយ៉ា ភេទស្រី អាយុ១១ឆ្នាំ (ស្លាប់) អ្នកទាំងបីស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកៀនស្វាយ។ ចំណែកអេស្កាវ៉ាទ័រម៉ាក KOBEICO ពណ៌ខៀវខ្ចី បើកបរដោយឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
ប្រភពដដែលបន្តថា នៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ មានអេស្កាវ៉ាទ័រ០១គ្រឿង ម៉ាក KOBEICO ពណ៌ខៀវខ្ចី ដែលបើកបរមានទិសដៅពីជើងទៅត្បូង (ជួសជុលកិនបង្ហាប់ផ្លូវ ) លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHONDA Dream c ១២៥ ស៊េរីឆ្នាំ ២០១៣ បើកក្នុងទិសដៅពីជើងទៅត្បូងមកឈប់ចំពីក្រោយអេស្កាវ៉ាទ័រនោះ ហើយអេស្កាវ៉ាទ័របានបើកថយក្រោយក៏កិនម៉ូតូដែលឈប់នោះបណ្តាលឱ្យអ្នកបើកម៉ូតូឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ និងឈ្មោះ ចិត្ត រីយ៉ា ភេទស្រី អាយុ១១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យវាស់វែង ហើយបានប្រគល់សាកសពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
ការសន្និដ្ឋានបឋម អ្នកបើកបរអេស្កាវ៉ាទ័រ ឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស បើកថយក្រោយមិនបានមើលគ្រប់ជ្រុងជ្រោយក្នុងស្ថានភាពគ្រោះថ្នាក់ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ កែវ ចិន្តា ភេទប្រុស បើកបរម៉ូតូមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕ដោយស្អាងជ័យ