នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងអូសបន្លាយដល់ឆ្នាំ២០៣០ ហើយប្រទេសលោកខាងលិចគឺជាមូលហេតុធ្វើឱ្យសង្គ្រាមរាលដាលទ្រង់ទ្រាយធំ ។
ប្រមុខដឹកនំានៃប្រទេសហុងគ្រី បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រលោកថា អ៊ុយក្រែនអាចនឹងត្រូវបាត់បង់ទឹកដីចាប់ពី១/៣ដល់១/២ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ លោកបន្តទៀតថា សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចនឹងអូសបន្លាយដល់ឆ្នាំ២០៣០ ហើយសង្គ្រាមរាលដាលកាន់តែធំឡើងៗ។ លោកក៏បានថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចទៅលើរុស្ស៊ី ដោយចាត់ទុកថាទណ្ឌកម្មនោះមិនខុសអ្វីពីការបាញ់បំបាក់ជើងខ្លួនឯងនោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះដែរ ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារមកលើរោងចក្រថាមពលនុយក្លេអ៊ែរពីវដេននូក្រែនស្ក៍ (Pivdennoukrainsk) នៃតំបន់មីកូឡេវ (Mykolaiv) ភាគខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែពុំបណ្តាលឲ្យម៉ាស៉ីនរ៉េអាក់ទ័ររងការខូចខាតឡើយ ហើយកំពុងដំណើរការជាធម្មតា។
ក្រុមហ៊ុន Energoatom បានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើងភ្លាមៗនៅចម្ងាយប្រហែល ៣០០ម៉ែត្រពីម៉ាស៉ីនរ៉េអាក់ទ័រ និងបង្កឱ្យមានការខូចខាតចំពោះអគាររោងចក្រនុយក្លេអ៊ែរខាងលើនៅវេលាពាក់កណ្តាលអធ្រាត្រ។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យខូចខាតដល់ស្ថានីយវារីអគ្គិសនីមួយនៅក្បែរនោះ រួមទាំងខ្សែបញ្ជូនបណ្តាញផងដែរ។
ក្រោយពីមានការវាយប្រហារថ្មីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានផ្ញើសារតាមរយៈបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «កងកម្លាំងរុស្ស៉ីព្យាយាមបើកការវាយប្រហារម្តងទៀត ប៉ុន្តែពួកគេភ្លេចថាតើអ្វីជារោងចក្រថាមពលនុយក្លេអ៊ែរ។ រុស្ស៉ីកំពុងបង្កគ្រោះថ្នាក់ដល់ពិភពលោកតែម្តង ដូច្នេះយើងត្រូវតែបញ្ឈប់ពួកគេមុនពេលវាយឺតពេល»។
ភ្លាមៗនោះរុស្ស៉ីនៅមិនមានប្រតិកម្មឆ្លើយតបចំពោះការចោទប្រកាន់របស់អ៊ុយក្រែនខាងលើនេះទេ។ តំបន់មីកូឡេវបានរងនូវការវាយប្រហារឥតឈប់ឈរ ដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៉ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕ ដោយធីរីណា
រូបថត : 24h.com.vn
រូបថត : tienphong.vn