ភ្នំពេញ៖ បុរសម្នាក់ជាទាហានបម្រើការងារនៅក្រសួងការពារជាតិបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈដែលកំពុងបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកពេញទំហឹងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវរថភ្លេីង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះយឿន សុវណ្ណ អាយុ៥០ឆ្នាំ បម្រើការងារនៅនាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកViston ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FF-5411 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈគាត់បើកមកដល់ចំណុចកេីតហេតុក៏បានឆ្លងផ្លូវទៅខាងឆ្វេងដៃ ភ្លាមនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបេីកបរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្តបង្កហេតុបានបេីកគេចបាត់ស្រមោលទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងបានទាក់ទងស្វែងរកសាច់ញាតិជនរងគ្រោះមកទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ