ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំចុងក្រោយ ដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។គេកំពុងរង់ចាំមើលលទ្ធផលចុងក្រោយនៃកិច្ចប្រជុំនេះថាតើកម្មករកម្មការិនីនិងទទួលបានប្រាក់ឈ្នួលអប្បបរមាទប៉ុន្មានសម្រាប់ឆ្នាំ២០២៣ ខាងមុខ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួនរួចហើយ ដោយនៅថ្ងៃពុធនេះជាថ្ងៃបើកកិច្ចប្រជុំចុងក្រោយ ដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។ ឆ្លងកាត់ការប្រជុំច្រើនលើកច្រើនសារមិនទាន់សម្រេចបានការព្រមព្រៀងជាផ្លូវការណាមួយនៅឡើយទេ។
កិច្ចប្រជុំនេះដឹកនាំដោយលោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភាគីរដ្ឋាភិបាល និងមានការចូលរួមដោយ តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត។ តំណាងភាគីពាក់ព័ន្ធសុទ្ធតែបានបង្ហាញពីជំហរឬរៀងៗខ្លួននៅក្នុងបញ្ហានៃការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ_កម្មការិនីនេះ។
កាលពីកិច្ចប្រជុំលើកទីបួនរបស់ខ្លួន តំណាងភាគីនិយោជក សម្រេចតួលេខ ១៩៧ដុល្លារ, តំណាងភាគីរដ្ឋាភិបាល ១៩៨ដុល្លារ និងតំណាងភាគីកម្មករនិយោជិត លើកតួលេខចំនួន៣ ផ្សេងគ្នា។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ នៅឆ្នាំ២០២២នេះ ពុំមានការដំឡើងពីភាគីនិយោជកនោះទេ គឺរក្សាទុកត្រឹម ១៩២ដុល្លារ ដូចឆ្នាំ២០២១ដដែល ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០២២ កើនដល់១៩៤ដុល្លារ៕
ដោយ៖ សូរិយា