ភ្នំពេញ ; ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញលើគ្រប់វិស័យ និង ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ ហើយរំពឹងថានៅឆ្នាំ២០២២ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២ លាននាក់ និងប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៦។ នេះជាថ្លែងសាររបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism» ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។
សម្តេចតេជោបញ្ជាក់ថា, ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាន និងកំពុងប្រឈមនឹងឧបសគ្គជាច្រើនស្ងួតស្មាញប្រទាក់ក្រឡាគ្នា ដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃនិងផលិតភាពសកល, និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច សកលលោកនិងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍ អន្តរជាតិ ផងដែរ។
ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលា នុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និង ជាធាតុចូលដ៍សំខាន់ក្នុងការគិតគួរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។
ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់, គាំទ្រ, ជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល ដំណាក់កាលទី១(Resilience & Restart) ជាដំណាក់កាល ភាពធន់នៃវិស័យទេសចរណ៍, ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍, និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ ទេសចរណ៍កម្ពុជា ៕
ដោយ : សុខ ខេមរា