ភ្នំពេញ : សម្តេចតេជោនាយក ហ៊ុនសែន បានថ្លែងថា, ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ ការគិតគូរឡើងវិញ ពីទេសចរណ៍” ខ្ញុំព្រះករុណា ខ្ញុំសូមគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យ ទេសចរណ៍កម្ពុជា (Recovery) ឈរលើទស្សនៈ“អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចតទៅ៖
១. ជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយ តាមគ្រប់រូបភាព ខណះដែល ថ្មីៗនេះ កម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្តល់មតិគាំទ្រ និងទទួលរង្វាន់ពីអង្គភាព រង្វាន់ទេសចរណ៍ពិភពលោក (World Tourism Award) ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Culture Destination Award 2022) និងជាគោលដៅទេសចរណ៍យុវជន នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Youth Travel Destination Award 2022)។
២ ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម “ពីក្រោមឡើងលើ” (Bottom-up Approach) នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងនោះត្រូវពង្រឹង ការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍ និងការបង្កើន ភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។
៣ ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្ម នៅក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បី ពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល, សេដ្ឋកិច្ចច្នៃប្រឌិត, សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតង នៅកម្ពុជា។
៤ ជាមួយនឹងការប្រែប្រួលដ៍ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ដែលបានធ្វើឲ្យប្រែប្រួល លើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ ដែលមាន ចំណេះដឹង និងជំនាញថ្មីៗ ដែលទាមទារឱ្យមានការពង្រឹងការបណ្តុះបណ្ដាល និងតម្រង់ទិស ទាំងការ ពង្រឹងជំនាញដែលមានស្រាប់ និងបណ្ដុះបណ្ដាលជំនាញបន្ថែម (Reskilling & Upskilling) ដើម្បីផ្ដល់ លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែន ទៅតាមនិន្នាការទេសចរណ៍។
៥. បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការ ទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN), អេកម៉ិក (ACMECS), CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា វៀតណាម), ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៍ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការ ទេសចរណ៍ពិភពលោក (UNWTO) និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បី ទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា ៕
ដោយ : សុខ ខេមរា