ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា បានជំរុញដល់យុវជនទទួលថ្នាក់បណ្ដុះបណ្ដាលភាសាសញ្ញាដើម្បីជាស្ពានចម្លងដល់ជនមានពិការភាព។
ថ្លែងតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជានិងអន្តរជាតិឆ្នាំ២០២២ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា សុំឱ្យអ្នកដែលមិនមានពិការភាពធ្វើការស្ម័គ្រចិត្តទៅរៀនភាសាសញ្ញាគ-ថ្លង់ ដើម្បីធ្វើយ៉ាងណាឱ្យមានជាស្ពានចម្លងសម្រាប់ជួយពួកគាត់ដើម្បីទទួលបានព័ត៌មានទូទៅ។
លោកថា៖ «ខ្ញុំសូមអំពាវនាវថា សុំឱ្យអ្នកដែលមិនមានពិការភាពនេះស្ម័គ្រចិត្ត អ្នកណាដែលស្រលាញ់នូវវិស័យពិការភាពនេះស្ម័គ្រចិត្តទៅរៀនភាសាសញ្ញាគថ្លង់នេះ»។
ជាមួយគ្នានោះ លោកក៏បានស្នើដល់បណ្ដាស្ថានីយ៍ទូរទស្សន៍ទាំងអស់ឱ្យបន្តដាក់អ្នកបកប្រែភាសាសញ្ញាទៅតាមកម្មវិធីព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ៗ។ ដោយក្នុងនោះ លោកសង្ឃឹមថាការប្រើប្រាស់ភាសាសញ្ញានៅកម្ពុជានឹងអាចមានការអភិវឌ្ឍដែលអាចផ្សារភ្ជាប់ឱ្យអន្តរជាតិងាយស្រួលយល់ពីភាសាសញ្ញាដែលកំពុងប្រើទូទៅនៅកម្ពុជានេះ ក៏ដូចជាការបើកឱកាសផ្សេងៗជាច្រើនទៀតដល់ពួកគាត់ផងដែរ៕
ដោយ : សហការី