ភ្នំពេញ : អាជ្ញាធរ សមត្ថកិច្ច តំណាងអយ្យការ នៅបន្តឆែកឆេរយ៉ាងក្តៅគគុក ឈានដល់បន្តមាន ម៉ូតូជាង១,០០០គ្រឿងបន្ថែមទៀត ត្រូវបានចាប់យក ពីទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ, មនុស្សសរុប៩នាក់ត្រូវបានឃាត់ខ្លួន តាមនីតិវិធី ដែលជាការបង្ក្រាបដូចភ្លៀងរលឹម។
សូមបញ្ជាក់ជូនថា ៖ គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ម៉ូតូប្រមាណជាង១,០០០គ្រឿងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតនៅទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានន័យថា, អាជ្ញាធរ សមត្ថកិច្ច តំណាងអយ្យការ សម្រាកបង្ក្រាបមិនដកដៃ តាមបញ្ជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជោគជ័យ ដែលជាការលុបបំបាត់បទល្មើស បញ្ឈប់អោយមានទីផ្សារចោរសម្រាប់យកទៅលក់ ដាក់បញ្ចាំ នេះជាដើម។
សូមបញ្ជាក់ថា, ក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងបញ្ចាំ គឺដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយលើកនេះកម្លាំងសមត្ថកិច្ចបានចុះពិនិត្យរកឃើញទីតាំងបញ្ចាំដោយខុសច្បាប់ ចំនួន៩កន្លែងបន្ថែមទៀត ក្នុងនោះរកឃើញ ម៉ូតូសរុបប្រមាណ១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
បើសមត្ថកិច្ចអះអាងថា, ម៉ូតូដែលត្រូវបានយកបញ្ចាំដោយខុសច្បាប់នេះ គឺម្ចាស់ទីតាំងមិនបានយកឯកសារបញ្ជាក់ពីអ្នកដែលយកមកបញ្ចាំនោះទេ ពោលគ្រាន់តែធ្វើលិខិតបញ្ចាំជាមួយបុគ្គលនោះតែប៉ុណ្ណោះ ទើបសមត្ថកិច្ចចាប់យកមករក្សាទុក ក៏ដូចប្រកាសដែលបានបាត់ម៉ូតូ យកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ ដើម្បីយកម៉ូតូរបស់ខ្លួនទៅវិញ។
សូមជម្រាបជូនថា, ក្រៅពីម៉ូតូប្រមាណជាង១,០០០គ្រឿងនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ ចំនួន៩នាក់ ក្នុងនោះម្នាក់ជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ភ្លាមៗ អាចជាមេក្លោងទទួលផលចោរកម្ម ក៏អាចថាបាន ។
យ៉ាងណាមិញ ប្រតិបត្តិការនេះមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលប៉ុន្មានថ្ងៃមកនេះ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថារកស៉ីបញ្ចាំដោយខុសច្បាប់រៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌផងដែរ។
លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានថ្លែងផងដែរថា, ករណីបង្ក្រាបមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺអនុវត្តតាមបញ្ជាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផង និងការបំពេញតួនាទីរបស់ភារកិច្ច អាជ្ញាធរ សមត្ថកិច្ច បម្រើជូនប្រជាពលរដ្ឋ។ ពីព្រោះថា, សម្ដេចតេជោ ហ៊ុនសែន គាត់ស្រឡាញ់ប្រជាពលរដ្ឋ មិនចង់ឲ្យមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន។ ដូច្នេះហើយ ការបង្ក្រាបដែលធ្វើឡើងជាបន្តបន្ទាប់ មិនមែនយើងធ្វើតម្រូវ ដើម្បីឲ្យសម្ដេចកោតសរសើរនោះឡើយ។ គឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ នោះជាការចាំបាច់ដែលសម្ដេចត្រូវការ ៕
ដោយ : សិលា