ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ លោក ប៉ុល ហំម ប្រធានគណៈកម្មការ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក គណៈកម្មការនានារបស់រដ្ឋសភា បានជួបប្រជុំជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំបានផ្តោតជាសំខាន់លើបច្ចុប្បន្នភាពនៃស្ថានការណ៍វិស័យកសិកម្ម ជលផល ព្រៃឈើ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ លោក វេង សាខុន បានមានប្រសាសន៍ ជម្រាបជូនកិច្ចប្រជុំថា នៅក្នុងអាណត្តិទី៥នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅលើ វិស័យព្រៃឈើ និងជលផល។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅក្នុងផែនការការងារ ឆ្នាំ២០១៦-២០១៧ ក្រសួងបានដាក់ចេញនូវទិសដៅ សំខាន់ៗមួយចំនួន ដោយផ្តោតសំខាន់ទៅលើបង្កើនការស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋ ដើម្បីបម្រើដល់វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនឡើង ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ។
លោក វេង សាខុន បានលើកឡើងបន្តថា ក្រសួងនឹងខិតខំ ជំរុញដំណាំឧស្សាហកម្ម ឲ្យមានការរីកចម្រើនផងដែរ ដូចជាដំណាំកៅស៊ួ និងជំរុញការចិញ្ចឹមសត្វ បង្កើនការការពារ និងអភិរក្សធនធានជលផលនិងការដាំព្រៃឈើឡើងវិញ។
លោក ប៉ុល ហំម បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបាន ដាក់ចេញនូវ ផែនការច្បាស់លាស់។ ជាមួយគ្នានេះ លោកប្រធានគណៈកម្មការ បានសំណូមពរ ដល់ក្រសួង មានវិធានការបន្ថែមទៀត ប្រឆំាងទៅនឹងការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក និងការនេសាទខុសច្បាប់ក្នុងទន្លេទឹកសាប និងតាមសមុទ្រ៕
ដោយ៖ សីលា