ភ្នំពេញ : លោក ហ៊ុន ម៉ានី អ្នកតំណាងមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងថា, ខ្ញុំបាទ និងក្រុមគ្រួសារសូមគោរពជូនពរលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន និងក្មួយៗជនរួមជាតិទាំងអស់ទទួលបាននូវសេចក្តីសុខ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីដូនតា ជាពិសេស សូមឱ្យការធ្វើដំណើរទៅកាន់ស្រុកកំណើត និងការធ្វើដំណើរកំសាន្តនៅតាមបណ្តាខេត្តនានារបស់បងប្អូនទទួលបាននូវសុវត្ថិភាពគ្រប់គ្នា។
លោកបានបន្តថា, ការជួបជុំដ៏សប្បាយរីករាយ ជាមួយក្រុមគ្រួសារ មិត្តភក្តិ ក្នុងពេលបុណ្យទាននេះពិតជាមិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើយើងមិនអាចគ្រប់គ្រងបានដោយជោគជ័យនូវការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ បើទោះបីជាយ៉ាងណាក្តី យើងក៏មិនត្រូវធ្វេសប្រហែសផងដែរ ដោយត្រូវមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្រួលចរាចរណ៏ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានបំពេញកិច្ចតាមប្រពៃណីជាតិយើង។
រីករាយថ្ងៃឈប់សម្រាក និងសូមមានសុវត្ថិភាពគ្រប់គ្នា! ៕
ដោយ : សហការី