ភ្នំពេញ : អាជ្ញាធរ សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបបនល្បែងខុសច្បាប់ចំនួន២កន្លែងជ្រកក្រោមស្លាកបារបារាំងឃាត់ខ្លួនមនុស្សបាន១០នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដូនពេញ បានចុះបង្ក្រាបលើទីតាំង បារបារាំងចំនួន ២ទីតាំងផ្សេងគ្នា ដែលបង្កប់បនល្បែងខុសច្បាប់ និងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ និងមានការសម្រប សម្រួលពី លោក គឹម ហុង សាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែង បនល្បែងខុសច្បាប់ចំនួន២ទីតាំងដែលជ្រកក្រោមស្លាក បារបារាំងស្ថិតនៅផ្ទះលេខ១៦៩Dអឺ១ ផ្លូវលេខ១៣៦ ភូមិ១១ ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី២ នឹង ក្នុងហាងយីហោ RED FOX ផ្ទះលេខ១០ ផ្លូវ១៣៦ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជនីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងអាជ្ញាធរបានឃាត់ខ្លួនជនជាតិបរទេសនឹងជនជាតិខ្មែរ ចចំនួន១០នាក់ និងចាប់យកបានវត្ថុត្ថាងមួយចំនួនធំផងដែរ ដើម្បីធ្វើកំណត់ហេតុ ស្តាប់ចម្លើយតាមនីតិវិធី ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា : មុនឈានដល់ការចុះបង្ក្រាប់ទីតាំង ហាងបារបារាំង បន្លំភ្នែកអាជ្ញាធរ បង្កប់ល្បែងស៉ីសងនេះ ដោយមានការផ្ដល់ព័ត៌មាន យ៉ាងជាក់លាក់ ទើបអាជ្ញាធរជំនាញខណ្ឌបានចុះប្រតិបត្តិការបង្ក្រាបជាក់ស្ដែងតែម្ដង។
ក្រោយពេលបញ្ចប់ប្រតិបត្តិការកម្លាំងអាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា, គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងជាច្រើនកន្លែង អនុវត្តតាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាលទ្ធផល អាជ្ញាធរខណ្ឌដូនពេញ បានបង្ក្រាបទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់៕
ដោយ : សហការី