ភ្នំពេញ : សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះ ឧបាសក បាន ឆន អតីតនាយករង នាយកដ្ឋានរដ្ឋបាល ហិរញ្ញកិច្ចកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចចៅហ្វាវាំង បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ឧបាសក បាន ឆន ដែលនេះគឺជាការបាត់បង់ស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងបានបូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនចៅមានអនាគតរុងរឿង។
សម្តេចចៅហ្វាវាំង គង់ សំអុល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក បាន ឆន បានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕
ដោយ : សិលា