ប្រទេសគុយបា ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម លោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់របស់លោកក្នុងរដ្ឋធានីហាវ៉ាណា។
លោក រ៉ាអ៊ួល កាស្រ្តូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកសួរសុខទុក្ខ លោកដោយផ្ទាល់ដល់លំនៅដ្ឋាន។ លោកបន្តថា លោកធ្លាប់បានធ្វើការងារជាច្រើនជាមួយបងប្រុសរបស់ឯកឧត្តម ពិសេសធ្លាប់បានបកប្រែពេលលោក ហ្វីដែល កាស្រ្តូបានជួបសម្តេចកាលពីទសវត្ស៨០ និងទសវត្ស៩០។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខ លោក ហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះ សម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និង លោក ហ្វីដែលកាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថានៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបាហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបាគឺចាំបាច់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបាជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ។
លោក រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា៕
ដោយ ៖ សុខ ខេមរា