ខេត្តឧត្តរមានជ័យ ៖ នាយឧត្តមមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និវត្តជន នៅស្រុកអន្លង់វែង ចំនួន ៨៣៩នាក់ ។
លោក សេង គឹមសាន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តឧត្តរមានជ័យ បានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្ត កំពុងគ្រប់គ្រងកម្លាំងអតីតទាំងអ្នកចូលនិវត្តន៍ អ្នកបាត់បង់សមត្ថភាពការងារ និង គ្រួសារពលី ចំនួន៣,០០៦នាក់ ក្នុងនោះការបើកប្រាក់របបសន្តិសុខ សង្គមតាមប្រព័ន្ធធនាគារ អេ ស៊ី លី ដា ប្រព្រឹត្តិទៅដោយជោគជ័យ និង មានតម្លាភាពបំផុត។
លោកប្រធានមន្ទីរបានបន្តថា កន្លងមកមន្ទីរក៏បានសាងសង់ផ្ទះជូនគ្រួសារពលីនៅភូមិតាមាន់សែនជ័យ ភូមិតាក្របី នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកបន្ទាយអំពិល បានចំនួន៩ខ្នង និងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានស្នាដៃឆ្នើម បានចំនួន៥ខ្នងផងដែរ។
មានប្រសាសន៍នាឱកាសនោះ នាយឧត្តមមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ។ នាយឧត្តមមសេនីយ៍ គន់ គីម ក៏បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ក្នុងនោះត្រូវថែរក្សាអនាម័យ មិនសេពគ្រឿងស្រវឹងជ្រុល កាត់បន្ថយការជក់បារី ហូបចុកត្រូវមានអនាម័យ និង ចូលរួមហាត់ប្រាណ លេងកីឡាឲ្យបានទៀងទាត់។
ជាមួយនឹងការជួបសំណេះសំណាល សួរសុខទុក្ខនាឱកាសនោះ នាយឧត្តមមសេនីយ៍ គន់ គីម បានឧបត្ថម្ភដល់បងប្អូន អតីតយុទ្ធជនចំនួន៨៣៩នាក់ ដោយម្នាក់ៗទទួលបានអង្ករ២២គីឡូក្រាម មីមួយកេស និងថវិកា៤ម៉ឺនរៀល ។ តមកនៅក្នុងថ្ងៃដដែលនេះ នាយឧត្តមមសេនីយ៍ គន់ គីម និងអ្នកអមដំណើរ ក៏បានបន្តទៅជួបបងប្អូនអតីតយុទ្ធជន នៅស្រុកត្រពាំងប្រាសាទបន្តទៀត ៕