ភ្នំពេញ ៖ កីឡាករអុកចត្រង្គ ៨នាក់ត្រូវបានលោក វាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រកាសជាផ្លូវការថា ដើម្បីឲ្យពួកគេត្រៀមលក្ខណៈសម្បត្តិជាមុន សម្រាប់ចូលរួម ការប្រកួត កីឡាអុកចត្រង្គ អបអរសាទរអង្គរសង្ក្រាន្ត ឆ្នាំ២០១៥ នៅខេត្តសៀមរាប ដែលជាទឹកដី សំបូរទៅដោយ ប្រាសាទបុរាណខែ្មរនោះ។
នៅមុនពេលប្រកួត ជម្រុះវគ្គ១៨នាក់ចុងក្រោយ លោកវាត់ ចំរើន បានប្រកាសថា ថវិកាដែលគណៈកម្មការគ្រោងទុក សម្រាប់រង្វាន់ដល់កីឡាកជ័យលាភីនោះ ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ដល់ដៃគណៈកម្មការរៀបចំ ការប្រកួតអុកចត្រង្គ រួចរាល់ហើយដែរ ។
លោកវាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំនេះសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់ប្រាក់រង្វាន់សម្រាប់អ្នកជាប់ ចំណាត់ថ្នាក់លេខ១ ចំនួន៥,០០០ ដុល្លារ, ចំណាត់ថ្នាក់លេខ២ថវិកា៣,០០០ដុល្លារ, ចំណាត់ ថ្នាក់លេខ៣ថវិកា ចំនួន២,០០០ដុល្លារនិងចំណាត់ថ្នាក់ លេខ៤ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៥០០ដុល្លារ។
ដោយឡែកលោក លី ហួត ប្រធានសហព័ន្ធកីឡាអុកចត្រង្គ កម្ពុជាក៏បានប្រកាសថា លោកនឹង ឧបត្ថម្ភដល់កីឡាករចំនួន១០០ដុល្លារ ដើម្បីជាការលើកទឹកចិត្តកីឡាករណាដែលបានឆ្លងកាត់ជា ច្រើនដំណាក់កាលហើយ ប៉ុន្តែមិនទទួលជ័យជម្នះ។
លោក ឯម ហៀង គណៈកម្មការអុកមានប្រសាសន៍ កីឡាករ ទាំង៨នាក់ដែលត្រូវទៅ ចូលរួមប្រកួតកីឡាអុកចត្រង្គ នៅមុខអង្គរវត្តចាប់ថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៥ ដើម្បីអបអរសាទរ ពិធីបុណ្យអង្គរសង្ក្រាន្តនោះ មានកីឡាករ អេង សេងហៀង, សុខ ភារ៉ា, ម៉ាត់ សេន ,ហាយ ស៊ីណា, ម៉េង សេរីសម្បត្តិ, ប៊ិន គាសេង, គុជ ពិសិដ្ឋ និងឈាវ បូរ៉ា អតីតជើងឯកឆ្នាំ២០១៤កន្លងទៅ ។
លោកបានបន្តទៀតថា ក្នុងការប្រកួតអុកវគ្គជម្រុះ រយៈពេល៣ថ្ងៃកន្លងទៅ ក៏ទទួលបានការជួយឧបត្ថម្ភ ពីក្រុមហ៊ុន ស្រាបៀរអង្គរ ដោយបានសហការ ជាមួយ គណៈកម្មការរៀបចំ ការប្រកួត ជាអ្នកចំណាយ ហើយបន្តជួយដល់ កីឡាករទាំង៨នាក់ទៅលើការ ហូបចុកនិងស្នាក់នៅ រហូតដល់ចប់ កម្មវិធីនៅឯខេត្តសៀមរាបផងដែរ ៕